2023-06-01 12:06
518


ភ្នំពេញ៖    ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្ម កុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី  និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមា បានផ្ញើរសារលិខិតចូលរួមអបអរសាទរ ដោយសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជូនចំពោះបងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ ចៅៗជាទីស្រឡាញ់ទាំងអស់គ្នា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា។


សាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈកាល៣ឆ្នាំកន្លងមកនេះ ដោយសារការឆ្លងរីករាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានអាក់ខានរៀបចំប្រារព្ធមីទ្ទិញអបអរសាទរដល់ក្មួយៗ ចៅៗ ប៉ុន្តរាជរដ្ឋាភិបាល មិនដែលបំភ្លេចថ្ងៃប្រវត្តិសាស្ត្រនេះទេ ដោយរាជរដ្ឋាភិបាលតែងតែផ្ញើសារនិងក្តីនឹករលឹក ដល់ក្មួយៗ ចៅៗ តាមរយៈសារសំឡេងពុំដែលអាក់ខានឡើយ។ រាជរដ្ឋាភិបាលនៅតែចងចាំជានិច្ចថា ថ្ងៃ១មិថុនា គឺជាសក្ខីកម្មនឹងជាប្រវត្តិសាស្ត្រ នៃការបង្ហាញអំពីឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នាលើកកម្ពស់ ការអនុវត្តសិទ្ធិកុមារ និងលើកស្ទួយសុខុមាលភាពនិងឧត្តមប្រយោជន៍របស់កុមារ។
ទន្ទឹមនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និន្នាការនៃការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលត្រូវបានកើនឡើងគួរឱ្យកត់សម្គាល់ ស្របគ្នានេះដែរ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាក៏ត្រូវបានដាក់ចេញឱ្យអនុវត្ត។ ភាពជាពលរដ្ឋឌីជីថលត្រូវបានក្លាយជារបៀបវារៈដ៏ សំខាន់មួយពាក់ព័ន្ធនឹងកុមារ ដែលទិវាកុមារអន្តរជាតិនិងទិវាកុមារកម្ពុជាឆ្នាំនេះ ត្រូវបានរៀបចំប្រារព្ធឡើង ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារនិងអភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាដើម្បីបញ្ចប់ពលកម្មកុមារ» ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធ ឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភ បំពាននានាតាមប្រព័ន្ធអនឡាញ ឱ្យបានទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព ដើម្បីឱ្យ កុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនាក្រោមម្លប់ «សន្តិភាព»៕