2023-06-02 06:06
389

 

ភ្នំពេញ៖ កម្ពុជាក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបង្ហូត និងគោរពទង់ជាតិ ក៏ដូចជាស្វាគមន៍ប្រតិភូកីឡា គ្រប់បណ្ដាប្រទេសសមាជិក ដែលបានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់លើកដំបូងនៅកម្ពុជា ដែលនឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។


នាឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡាទាំងអស់ ដែលបានដឹកនាំ និងធ្វើដំណើរមកចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ។
លោក ហ៊ុន ម៉ានី ក៏បានសុំទោស ចំពោះប្រតិភូទាំងអស់ផងដែរថា ដោយសារសម្ដេចពិជ័យសេនា ទៀ បាញ់ មានបេសកកម្មក្រៅប្រទេស ទើបមិនអាចចូលរួមពិធីគោរពទង់ជាតិ និងស្វាគមន៍ប្រតិភូកីឡានេះបាន ។ យ៉ាងណាមិញ លោក បានចាត់ទុកនេះ គឺជាឱកាសមួយដ៏អស្ចារ្យ សម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីលើកកិត្តិយស សមត្ថភាព និងការគោរពសិទ្ធរបស់បងប្អូនជនមានពិការភាព។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី ក៏សង្ឃឹមថា ការស្នាក់នៅហូបចុករបស់ប្រតិភូ អត្តពលិក និងមន្ដ្រីបច្ចេកទេសទាំងអស់ នៅកម្ពុជា កំឡុងពេលប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប្រកបដោយការពេញចិត្ត ដ្បិតកម្ពុជា បានប្ដេជ្ញា និងយកចិត្តទុកដាក់ខ្ពស់ លើការងារទទួលបដិសណ្ឋារកិច្ច និងការសម្របសម្រួលផ្សេងៗ ដើម្បីជំរុញឲ្យដំណើរការប្រកួតកីឡាសម្រាប់បងប្អូនជនមានពិការភាពនេះ បានប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ប្រភេទ និងកីឡាសម្ដែង ១ប្រភេទ រួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាសម្ដែង គឺកីឡាអេឡិចត្រូនិកច សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមានចំនួន ៤២៩វិញ្ញាសា៕