2025-02-05 18:36
37

ប៉ៃលិន៖ ថ្ងៃទី០៥  ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូ DBST កំណាត់ ផ្លូវខេត្ត លេខ ១ពេអិល១ ប្រវែង ៥១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋប្រមាណ ជិត ៣០០នាក់ផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោម គោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាព ពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជា សមរភូមិ យ៉ាងក្តៅគគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ដូច្នេះសូមបងប្អូនបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដោយជៀសវាងការចាញ់បោកការញុះញង់ របស់ជនអគតិមួយក្តាប់តូច។

លោកជំទាវអបណ្ឌិតភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវស្ពានថ្នល់ពិតជាមានសារៈសំខាន់ណាស់ ទាំងផ្នែកសេដ្ឋកិច្ច ផ្នែកទេសចរណ៍ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយបន្ទាប់ពីស្ថាបនារួចរាល់ គឺផ្លូវ១ខ្សែរនេះ នឹងអាចសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ឱ្យមានភាពកាន់តែ ងាយ ស្រួល ជាពិសេសសម្រួលដល់សិស្សានុសិស្សបានធ្វើដំណើរទៅសិក្សារៀនសូត្របានទាន់ពេលវេលា ហើយជាក់ស្តែង បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់ សស្រាំ ដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យ បរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានាដើម្បីឱ្យ ខេត្តប៉ៃលិនប្រែ ក្លាយជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅ ទេសចរណ៍ សម្រាប់ថ្ងៃអនាគត។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរ រួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស ផ្លូវស្ពានថ្នល់នេះតែម្តង ព្រោះថាការកសាង និងជួស ជុល ហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះប្រជាពលរដ្ឋដែលធ្វើចរាចរណ៍លើ ផ្លូវនេះ មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំង ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការ គ្រោង ទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ប៉ៃលិន និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយជាក់ស្តែងនៅថ្ងៃនេះអាជ្ញាធរខេត្ត បានមកបើកការដ្ឋានសាងសង់ផ្លូវ ១ខ្សែរនេះជូនពួកគាត់ បានយ៉ាងឆាប់រហ័ស ទៅតាមសំណូមពរ។

បើតាមរបាយការណ៍របស់លោក អ៊ាត សារ៉ាត់ ប្រធានសាធារណការនិងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា៖ ផ្លូវក្រាល កៅស៊ូប្រភេទ DBST ដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺជាកំណាត់ផ្លូវខេត្តលេខ ១ពេអិល១ មានប្រវែង ៥១០០ម៉ែត្រទទឹង ៧ម៉ែត្រ និងចិញ្ចើមក្រាលដីល្បាយថ្ម ១ម៉ែត្រ សងខាង ស្ថាបនាប្រព័ន្ធលូបង្ហូរទឹក (លូអ៊ុយ)  មុខកាត់ ១ម៉ែត្រ×,៨០ម៉ែត្រ ប្រវែង ២៥០ម៉ែត្រ  ស្ថាបនាលូមូលកាត់ទទឹងថ្នល់អង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង ១២ម៉ែត្រ ចំនួន ១៣កន្លែង និងតម្លើងបរិក្ខាចរាចរណ៍ ដោយផ្លូវនេះឆ្លងកាត់សង្កាត់ ចំនួន ០២ គឺ សង្កាត់ទួលល្វា (ភូមិអូរច្រាលិច ភូមិអូរច្រាលើ ភូមិវាលវង់ និង ភូមិថ្មី) និងសង្កាត់ប៉ៃលិន (ភូមិទួលខៀវ និងភូមិបរឌិននៀវ)៕