![មន្ទីរអប់រំបញ្ជាក់ថា សិស្សបឋមសិក្សាទួលកី១៤៨នាក់ ត្រូវញែកចែកជា២ថ្នាក់វិញហើយ ដោយនៅសិក្សាជាធម្មតា](http://msjtv.asia/uploads/post_photo_1738727910.jpg)
រាជធានីភ្នំពេញ៖ ក្រោយអាណាព្យាបាលសិស្សបឋមសិក្សាទួលកីបានប្រមូលផ្តុំគ្នាតវ៉ាពាក់ព័ន្ធបញ្ហាខ្វះគ្រូបង្រៀនធ្វើឱ្យសិស្ស២ថ្នាក់ ត្រូវបានបញ្ចូលជា១ថ្នាក់បង្កជាភាពចង្អៀតណាន់ណែនតាន់តាប់។ ពេលនេះ មន្ទីរអប់រំបញ្ជាក់ថា សិស្សបឋមសិក្សាទួលកី១៤៨នាក់ ត្រូវញែកចែកជា២ថ្នាក់វិញហើយ ដោយនៅសិក្សាជាធម្មតា។
តាមការបំភ្លឺរបស់មន្ទីរអប់រំរាជធានីភ្នំពេញ នៅថ្ងៃទី០៤កុម្ភៈ ឆ្នាំ២០២៤ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ករណីសិស្សថ្នាក់ទី១ និងថ្នាក់ទី២ នៅសាលាបឋមសិក្សាទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលបានដាក់ក្នុងមួយថ្នាក់ជាង១០០នាក់(១៤៨នាក់) មូលហេតុ ដោយសារសាលារៀនមានគ្រូបង្រៀនពីរនាក់ ត្រូវចូលនិវត្តន៍ទើបខ្វះគ្រូបង្រៀន។ ករណីនេះ គណៈនាយកសាលាបានចាត់វិធានការដោះស្រាយជាបឋម ដោយដាក់សិស្សបញ្ចូលគ្នាជាពីរថ្នាក់មកជាមួយថ្នាក់ ដើម្បីឱ្យសិស្សទាំងអស់អាចមានលទ្ធភាពរៀនបាន។ យ៉ាងណា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានស្នើសុំឱ្យសាលា អញ្ជើញគ្រូបង្រៀនដែលចូលនិវត្តន៍មកជួយបង្រៀនទម្រាំមានគ្រូថ្មីមកជំនួស ចំពោះប្រាក់ឧបត្ថម្ភរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ចែងដោះស្រាយជូនពួកគាត់។
ទន្ទឹមនឹងនេះ ក្រុមការងាររបស់មន្ទីរអប់រំរាជធានីភ្នំពេញ គណៈអភិបាលខណ្ឌកំបូលបានប្រជុំផ្សព្វផ្សាយដល់មាតាបិតាសិស្ស អ្នកអាណាព្យាបាលសិស្ស សូមឱ្យមានភាពស្ងប់ស្ងាត់ និងយកកូនពួកគាត់មករៀនជាធម្មតា។ ទោះបីជាយ៉ាងណា ជុំវិញការញែកសិស្សជា២ថ្នាក់នេះ ត្រូវបានមហាជនសង្កេតឃើញថា សិស្សហាក់មានចំនួនច្រើនលើសលុបដដែល ពោលគឺរហូតទៅដល់ជាង៧០នាក់ឯណោះក្នុងមួយថ្នាក់។ ដ្បិតថា នេះជាកម្រិតសិក្សាថ្នាក់បឋមក៏ដោយ ប៉ុន្តែវាប្រៀបបាននឹងគ្រឹះដ៏រឹងមាំមួយសម្រាប់ក្មេងៗទៅថ្ងៃអនាគត។ ម្យ៉ាងវិញទៀត ការរៀនសូត្រណែនណាន់តាន់តាប់បែបនេះ អាចប្រឈមហានិភ័យ និងបាត់បង់គុណភាពនៃការបង្រៀន។
ដោយឡែក លោក ឃឹម ស៊ុនសូដា អភិបាលនៃខណះអភិបាលខ័ណ្ឌកំបូល បានបញ្ជាក់កាន់អង្គភាពសារព័ត៌មាននៅក្នុងស្រុកនៅព្រឹកថ្ងៃពុធនេះថា មូលហេតុដែលចំនួនហក់ឡើង គឺដោយសារកំណើនៃការចុះឈ្មោះចូលរៀនរបស់សិស្សនៅឆ្នាំនេះមានចំនួនច្រើន៕
![](https://msjtv.asia/uploads/media/photo_6129488248238622160_y_1738727887.jpg)