វេទិកាជំរុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បង ដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក។
វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្តរបស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈ ការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើជំនាញសុខភាពសាធារណៈ។ ការពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស និងការស្រាវជ្រាវ និងគាំទ្រគោលនយោបាយសុខាភិបាល។
ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានចក្ខុវិស័យប្រែក្លាយខ្លួនជា៖ គ្រឹះស្ថានឧត្តមសិក្សាដែលឈានមុខក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងផ្នែកពាក់ព័ន្ធ ប្រកបដោយគុណភាព។ មន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិដែលឈានមុខក្នុងការពង្រឹងគុណភាព និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស។ មជ្ឈមណ្ឌលឈានមុខក្នុងការសិក្សាស្រាវជ្រាវ ផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាពវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់និងចូលរួមគាំទ្រការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យស្របទៅនឹងស្ថានភាពក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានកោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំវេទិការដ៍មានសារៈសំខាន់នេះ ដើម្បីគៀងគរការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងការងារពង្រឹងវិទ្យាស្ថាន ក្នុងការសម្រេចចក្ខុវិស័យរបស់ខ្លួន។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រពន្ធ័សុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និង វិស័យអប់រំ ដែលវិស័យទាំងពីរនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជាឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការលើកទឹកចិត្ត និងបន្តគាំទ្រដល់វិទ្យាស្ថាន ចំនួន ០៧ ចំណុច ជាពិសេសវិទ្យាស្ថានត្រូវពង្រឹងបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈនៅក្នុងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាពនៃការងារតាមដានការរីករាលដាលនៃជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មេដាយការងារដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិ និងភាគីពាក់ព័ន្ធ ចំនួន ២០ រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕