2025-02-05 00:33
26

បាត់ដំបង៖ ករណីក្រុមក្មេងទំនើងជាច្រើននាក់ បង្កសកម្មភាពដេញវាយគ្នា នៅចំណុចមាត់ស្ទឹងសង្កែត្រើយខាងកើត ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង កាយពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ និងត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមបង្ហោះផ្សព្វផ្សាយនោះ ពេលនេះកម្លាំងស្នងការនគរបាលខេត្តបាត់ដំបង បង្ក្រាប និងឃាត់ខ្លួន បានចំនួន ០៤ នាក់។

នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ និងអធិការនគរបាលក្រុងបាត់ដំបង ស្រាវជ្រាវជាបន្ទាន់លើករណីអំពើហិង្សារនៅមាត់ស្ទឹងសង្កែ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងនាំខ្លួនពួកគេ ចំនួន​ ០៤នាក់ ​យកមកធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។

ជាមួយនេះ ក្នុងនាមលោកស្នងការសូមរំលឹកដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវជនដែលធ្លាប់បានធ្វើសកម្មភាពបង្កការអុក​ឡុករំខាន នៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេនៅតែបន្តសកម្មភាពបែបនេះ៕