
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំ២០២៤ គឺជាឆ្នាំនៃការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលសម្រេចបាននូវការអនុម័តគម្រោងលើសពី ៤០០ គម្រោង ក្នុង១ឆ្នាំ។
សម្ដេធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះសម្តេចធិបតីបានថ្លែងថា ការទទួលបាននូវគម្រោងវិនិយោគប្រមាណ ៤១៤ គម្រោង កាលពីឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់ជាង ៦ ពាន់លានដុល្លារអាមេរិក គឺជាផលកើតចេញពីការរួមគ្នា រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ក្នុងការទាក់ទាញវិនិយោគិនពីបរទេស ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ។
សម្តេចគូសបញ្ជាក់ថា តាមរយៈទិន្នន័យនេះ បានបង្ហាញថា ឆ្នាំ២០២៤ ជាឆ្នាំដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងច្រើនជាងឆ្នាំណាទាំងអស់ ដែលតាំងពីមុនមកមិនមានឆ្នាំណា ដែលក្នុងមួយឆ្នាំបានជាង ៤០០ គម្រោងនោះទេ ពោលគឺបានបំបែកឯកត្តកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានឆ្លុះបញ្ចាំងនូវអ្វីដែលរដ្ឋាភិបាល និងវិស័យឯកជន បានធ្វើរួមគ្នា គឺដំណើរការល្អ។ តាមរយៈទិន្នន័យនេះ បានបង្ហាញថា ពីការចាប់អារម្មណ៍ក៏កើន ការសម្រេចមករកឱកាសវិនិយោគនៅកម្ពុជាក៏កើន។
សម្តេចធិបតីសង្ឃឹមថា នៅឆ្នាំ២០២៥នេះ កម្ពុជានឹងទទួលបានគម្រោងវិនិយោគពីបរទេសកាន់តែច្រើនថែមទៀត ខណៈក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២ គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ត និងបញ្ជូនក្រុមការងារទាំងក្រសួង និងវិស័យឯកជនផ្សេងៗ ទៅធ្វើសកម្មភាពទាក់ទាញវិនិយោគនៅក្រៅប្រទេស។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏ខិតខំក្នុងសម្រួលគោលការណ៍ និងនិតិវិធីនានា ដូចជានិតិវិធីគយ ពន្ធដារ លក្ខខណ្ឌសម្រួលផ្សេងៗ និងកែសម្រួលនូវអ្វីដែលមានបញ្ហា ដើម្បីទាក់ទាញវិនិយោគបរទេសបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ CDC បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។
ក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤.៨ពាន់លានដុល្លារ ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣។
ទន្ទឹមនេះវិស័យកសិកម្ម និងកសិ- ឧស្សាហកម្មមានចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុបជាង១២១លានដុល្លារ ស្មើនឹង ២%, វិស័យទេសចរណ៍មានចំនួន ៤គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៧៣៨លានដុល្លារស្មើនឹង ១១%, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានគម្រោងវិនិយោគចំនួន ៨គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណជាង ១.៣ពាន់លានដុល្លារស្មើនឹងប្រមាណ ១៨% នៃទុនវិនិយោគសរុប៕

