2025-09-08 15:20
21

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបប្រជុំកំពូលជាមួយ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោក និងភរិយា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ និងនាំនូវការសួរសុខទុក្ខពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកប្រធានាធិបតីហ្វីលីពីន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយក្នុងនាមសម្ដេចផ្ទាល់ ក៏បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោកប្រធានាធិបតីផងដែរ។

សម្ដេចតេជោ ប្រមុខរដ្ឋស្តីទី បានចាត់ទុកដំណើរអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក ម៉ាកូស ប្រធានាធិបតីហ្វីលីពីនមកកាន់កម្ពុជានៅពេលនេះ ជាផ្នែកដ៏សំខាន់នៃការរុញទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើន។ នៅក្នុងឱកាសនោះ លោក ម៉ាកូស បានសំដែងនូវការអរគុណ ហើយក៏បានផ្ដាំតាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ថ្វាយចំពោះព្រះមហាក្សត្រ ក្នុងការសាកសួរសុខទុក្ខពីលោកផងដែរ។ 

លោកប្រធានាធិបតីហ្វីលីពីន ក៏បានបង្ហាញនូវកីរីករាយនៅពេលលោកបានអញ្ជើញមកដល់កម្ពុជា ហើយបានឃើញនៅតាមផ្លូវ មានយុវជន ប្រជាពលរដ្ឋខ្មែរ បានស្វាគមន៍ឯកឧត្តមយ៉ាងកក់ក្ដៅ ដែលធ្វើឲ្យលោកផ្ទាល់ និងគណៈប្រតិភូ មានការរំភើបចិត្តយ៉ាងខ្លាំង ចំពោះបដិសណ្ឋារកិច្ចដ៏ល្អប្រសើររបស់ប្រជាជន និងរដ្ឋាភិបាលកម្ពុជា។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានលើកឡើងដោយការពង្រីកនៅទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនបន្ថែមទៀតដោយសម្ដេចបានបញ្ជាក់អំពីទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ក្នុងនោះសម្ដេចតេជោ បានផ្ដល់ជាយោបល់ដល់រដ្ឋាភិបាលហ្វីលីពីន និងកម្ពុជា ធ្វើយ៉ាងណាបង្កើនពាណិជ្ជកម្មជាមួយគ្នាឲ្យបានច្រើនថែមទៀត ខណៈដែលបច្ចុប្បន្ន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ គឺនៅមានកម្រិត ក្នុងន័យនេះសម្ដេចតេជោ ចង់ឃើញភាគីទាំងពីរ បង្កើនទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើងបន្ថែមទៀត។ បន្ថែមលើនេះ សម្ដេចតេជោ ក៏បានរំលែកអំពីវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវពង្រឹងជាមួយគ្នា ក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

លោកប្រធានាធិបតី ម៉ាកូស បានឯកភាពនូវអ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ដោយបញ្ជាក់អំពីភាគីទាំងពីរ ត្រូវបង្កើននូវទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែល្អប្រសើរជាងនេះ ជាពិសេស គឺផ្ដោតទៅលើពាណិជ្ជកម្មរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាងនេះទៀត គឺកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យទេសចរណ៍ ដែលភាគីទាំងពីរ ត្រូវរួមគ្នាបន្ថែមដោយក្នុងនោះ លោកប្រធានាធិបតី បានចាត់ទុកអាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលលោកនឹងធ្វើដំណើរតាមអាកាសយានដ្ឋាននេះនៅថ្ងៃស្អែក នឹងក្លាយជាផ្នែកមួយនៃការបង្កើននូវវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោក ម៉ាកូស សង្ឃឹមថា វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនតាមរយៈការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ និងទំនាក់ទំនងប្រជាជន និងប្រជាជន៕