2025-09-08 14:42
22

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន បានចុះកិច្ចព្រមព្រៀង ចំនួន ០៣ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកកាន់កម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Ferdinand Romualdez Marcos Jr. បន្ទាប់ពីមេដឹកនាំទាំងពីរបញ្ចប់ជំនួបពិភាក្សាទ្វេភាគី នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ឯកសារនោះទាំងនោះរួមមាន៖
ឯកសារទី១៖ អនុស្សារណៈយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ចុះហត្ថលេខាដោយ លោក Maria Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ទី២៖ អនុស្សារណៈយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងគណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោកបណ្ឌិត Shirley C. Agrupis ប្រធានគណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ហង្ស ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

ទី៣៖ អនុស្សារណៈយោគយល់ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោក Jim C. Syndiongco អនុរដ្ឋលេខាធិការអាកាសចរណ៍ និងអាកាសយានដ្ឋាន នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលើរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីលវិលនៃព្រះរាជាណាចក្រកម្ពុជា៕