
ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស (Ferdinand Romualdez Marcos Jr.) បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ថា ហ្វីលីពីន គឺជាដៃគូឥតងាករេជាមួយកម្ពុជា ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
ការបញ្ជាក់ពីជំហររបស់ប្រធានាធិបតីហ្វីលីពីន បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយសម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើសេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញឡា នៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅចំពោះមុខសម្តេចធិបតីនាយករដ្ឋម្ត្រី ហ៊ុន ម៉ាណែត, ប្រធានាធិបតីហ្វីលីពីន លោក ម៉ាកូស បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាលើវិស័យជាច្រើន ថាតើប្រទេសហ្វីលីពីន និងកម្ពុជា អាចកែលម្អរួមគ្នាក្នុងរបៀបមួយដែលប្រកបដោយអត្ថន័យ ដើម្បីកែលម្អប្រជាជនទាំងពីរ។ ហ្វីលីពីន និងកម្ពុជា ទទួលស្គាល់ថាកំណើត និងភាពរឹងមាំ របស់សេដ្ឋកិច្ចយើង ពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលកកើតឡើងថ្មី និងសេដ្ឋកិច្ចឌីជីថល។
ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរយ៉ាងដូច្នេះថា៖ «តំបន់របស់យើង មានផលប៉ះពាល់ពីកត្តាខាងក្រៅ ខ្ញុំសូមបញ្ជាក់ថា ហ្វីលីពីន មានជំហរជាដៃគូឥតងាករេ ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ»។
លោក ម៉ាកូស បានបន្ថែមថា «នៅក្នុងស្មារតីនេះប្រទេសពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិប្រទេសទាំងពីរ ដើម្បីការឆ្លើយតបរួម គឺមានលក្ខណៈរហ័ស ហើយនឹងមានលក្ខណៈបង្រួបបង្រួម និងមានប្រសិទ្ធភាព ដែលបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន ឱ្យកាន់តែរលូន»៕

