2025-06-10 14:15
32

ថៃ៖     យោងតាមការចេញផ្សាយពីសារព័ត៌មានថៃ Naewnanews នាថ្ងៃទី១០ មិថុនា នេះបានឲ្យដឹងថា ក្រុមប្រឆាំងរដ្ឋាភិបាលដែលដឹកនាំដោយអតីតមេដឹកនាំអាវលឿង Sondhi Limthongkul និងអតីតមេដឹកនាំអាវក្រហមលោក Jatuporn Prompan បានដាក់ការទាមទារទៅកាន់នាយករដ្ឋមន្រ្តី Paetongtarn Shinawatra នៅមុនកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) នៅថ្ងៃទី ១៤ ខែមិថុនា ខាងមុខនេះ ដោយការទាមទារទាំងនោះមានដូចជា៖

- រដ្ឋាភិបាលត្រូវបដិសេធសិទ្ធិអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការប៉ុនប៉ងណាមួយរបស់កម្ពុជាក្នុងការនាំយកបញ្ហាទៅតុលាការ។
- ត្រូវតែតវ៉ាកម្ពុជា និងសហគមន៍អន្តរជាតិថា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ជារបស់ថៃ។
- លុបចោល MoU ឆ្នាំ 2000 ហើយបដិសេធផែនទីខ្នាត1/200,000 ( ០១លើ២រយពាន់ ) ដែលបានបង្កើតដោយប្រទេសបារាំង។
- លុបចោល MoU ឆ្នាំ 2001 ដើម្បីលុបចោលព្រំប្រទល់ដែនសមុទ្រដែលប៉ះពាល់ដល់អធិបតេយ្យភាពដែនសមុទ្រថៃ។
- ពង្រឹងជំហររបស់ប្រទេសថៃ មុនពេលកិច្ចពិភាក្សា JBC ថ្ងៃទី ១៤ ខែមិថុនា ខាងមុខ។ នេះអាចរាប់បញ្ចូលទាំងការកែតម្រូវ ឬបិទច្រកព្រំដែនក្បែរកាស៊ីណូ និងទាមទារឱ្យមានការបង្ក្រាបឧក្រិដ្ឋកម្មនៅក្នុងប្រទេសកម្ពុជា ដែលបង្កគ្រោះថ្នាក់ដល់ប្រទេសថៃ ដូចជាការឆបោកតាមប្រព័ន្ធទូរស័ព្ទ ការលេងល្បែងអនឡាញ ការជួញដូរអាវុធ និងគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ និងការលាងលុយកខ្វក់ជាដើម។ ហើយប្រសិនបើការពិភាក្សាខាងលើនេះបរាជ័យត្រូវ៖ កាត់ឧបករណ៍ប្រើប្រាស់ដល់ប្រទេសកម្ពុជា ដូចជាអគ្គិសនី បណ្តាញទូរស័ព្ទចល័ត អ៊ីនធឺណិត និងប្រេងឥន្ធនៈជាដើម។
-ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ យោធាគួរតែដាក់ច្បាប់អាជ្ញាសឹកដើម្បីការពារផលប្រយោជន៍ជាតិ៕