
មូស្គូ ថ្ងៃទី ២១ ខែសីហា (រ៉យទ័រ)៖ លោក វ្ល៉ាឌីមៀ ពូទីន កំពុងទាមទារឱ្យអ៊ុយក្រែនបោះបង់ចោលតំបន់ Donbas ភាគខាងកើតទាំងអស់ រួមទាំងបោះបង់ចោលមហិច្ឆតាចូលរួមជាមួយអង្គការណាតូ រក្សាភាពអព្យាក្រឹត និងរក្សាកងទ័ពលោកខាងលិចចេញពីប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយពី រ៉យទ័រ នៅថ្ងៃទី២២ សីហា ឆ្នាំ២០២៥។
ជុំវិញសំណើររបស់ ពូទីន ទីក្រុង Kyiv បានច្រានចោលលក្ខខណ្ឌទាំងនោះទាំងស្រុង ដោយលើកឡើងថា ស្មើនឹងការចុះចាញ់។
យោងតាមប្រភពដែលដឹងពីវិមានក្រឹមឡាំងបានបន្ថែមថា ចំពោះសំណើររបស់ពូទីន ទៅកាន់ហ្សេលែនហ្គី ជាការតបស្នងវិញ ទីក្រុងមូស្គូនឹងបញ្ឈប់ជួរមុខបច្ចុប្បន្ននៅតំបន់ Zaporizhzhia និង Kherson ។
គួរឲ្យដឹងថា បច្ចុប្បន្ន ប្រទេសរុស្ស៊ីបានគ្រប់គ្រងប្រហែល ៨៨% នៃតំបន់ Donbas និង ៧៣% នៃ Zaporizhzhia និង Kherson នេះបើយោងតាមការប៉ាន់ស្មានរបស់សហរដ្ឋអាមេរិក និងទិន្នន័យប្រភពបើកចំហមួយ។
តាមប្រភពដដែលបានបន្ថែមថា ទីក្រុងមូស្គូក៏មានឆន្ទៈក្នុងការប្រគល់ផ្នែកតូចៗនៃតំបន់ Kharkiv, Sumy និង Dnipropetrovsk នៃប្រទេសអ៊ុយក្រែនផងដែរ៕
