កង្វះផ្នែកបច្ចេកវិទ្យា និងប្រតិបត្តិការឯកោតែឯង នាវាចម្បាំង Dena របស់អ៊ីរ៉ង់ មិនមានសមត្ថភាពរហ័សអាចរកឃើញសញ្ញាគំរាមកំហែងនៅក្រោមទឹក ដែលធ្វើឱ្យវាក្លាយជារឿងងាយស្រួលសម្រាប់នាវាមុជទឹកអាមេរិកទៅវិញ ក្នុងការបាញ់បំផ្លាញនាវាចម្បាំងដ៏ផុយស្រួយរបស់អ៊ីរ៉ង់។
យោងតាមមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា នាវាមុជទឹកដែលមានសមត្ថភាពរហ័សវាយប្រហារលឿនលំដាប់ថ្នាក់ទីក្រុង Los Angeles USS Charlotte បានបាញ់ផ្លោង Mk-48 ពន្លិចនាវាចម្បាំង Dena របស់អ៊ីរ៉ង់ ដែលមាននាវិកប្រហែល 180 នាក់នៅលើនោះ។
នេះជាលើកទីមួយហើយ ដែលនាវាមុជទឹករបស់អាមេរិក បានបាញ់បង្ហោះ torpedo ទៅកាន់គោលដៅយោធាសត្រូវ ចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយក៏ជាលើកទីមួយដែរ ដែលអាមេរិកបានវាយប្រហារលើគោលដៅអ៊ីរ៉ង់ នៅខាងក្រៅមជ្ឈិមបូព៌ា ចាប់តាំងពីការផ្ទុះសង្គ្រាមជាមួយគ្នាមក។
តាមវីដេអូដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិក បានបង្ហាញពីភាពកម្សោយនៃនាវាចម្បាំង IRIS Dena របស់អ៊ីរ៉ង់ អំឡុងពេលនាវាមុជទឹកអាមេរិកបើកប្រតិបត្តិការបាញ់កម្ទេច។ ដំបូងឡើយ IRIS Dena របស់អ៊ីរ៉ង់ មិនដឹងថាមាននាវាមុជទឹករបស់សហរដ្ឋអាមេរិកនៅក្បែរនេះនោះទេ។
មិនតែប៉ុណ្ណោះនាវានេះមិនទាំងអាចចាប់បានថាមានការបាញ់បង្ហោះ torpedo របស់អាមេរិកចូលមកបំផ្លាញនាវារបស់ខ្លួនផង។
ប្រតិបត្តិការវាយប្រហារយ៉ាងស្ងៀមស្ងាត់ តែពោរពេញដោយឥទ្ធិពលខ្លាំងក្លារបស់នាវាមុជទឹកអាមេរិក គេឃើញមានកម្លាំងផ្ទុះពីក្បាលគ្រាប់ជិត៣០០គីឡូក្រាមនៃកាំជ្រួច Mk 48 បានហោះតម្រង់ទៅនាវាអ៊ីរ៉ង់គ្មានខុសគោលដៅអីបន្តិច ដោយកម្លាំងខ្លាំងរបស់ Mk 48 បានរុញនាវាចម្បាំងអ៊ីរ៉ង់ចេញពីផ្ទៃទឹក ស្ទើរតែទទួលរងការបំផ្លាញទាំងស្រុងតែម្ដង។
បន្ទាប់មក នាវានោះបានលិចយ៉ាងលឿន ហើយប្រហែលមួយម៉ោងក្រោយ កងកម្លាំងជួយសង្គ្រោះស្រីលង្កាបានមកដល់ អ្វីដែលពួកគេបានឃើញគឺសល់តែសំបកប្រេង ទូកសង្គ្រោះមួយចំនួន និងសាកសពអណ្តែតលើផ្ទៃទឹកប៉ុណ្ណោះ។
រីឯនាវិកដែលរួចផុតពីទ្វារមរណៈពួកគេបាននិយាយថា ខ្លួនមិនទាំងបានដឹងផងថា នាវារបស់ពួកគេត្រូវបានវាយប្រហារដោយ torpedo របស់អាមេរិក។
តាមរយៈការលើកឡើងដោយមោទនភាពពីអតីតវរសេនីយ៍ឯក Thomas Shugart បាននិយាយថា លោកមិនភ្ញាក់ផ្អើលទេ ដែលនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិក អាចបាញ់ទម្លាក់គោលដៅរបស់ខ្លួនបានយ៉ាងងាយ ព្រោះថានាវាចម្បាំងអ៊ីរ៉ង់ ទំនងជាមិនមានបច្ចេកវិទ្យាទំនើបក្នុងការស្វែងរក និងបំផ្លាញនាវាមុជទឹកអាមេរិកបាននោះទេ។
នាវាមុជទឹកទំនើប មានភាពជឿនលឿន និងមានកម្លាំងខ្លាំងប្រភេទនេះ អាមេរិកកម្រប្រើប្រាស់វាក្នុងការប្រយុទ្ធណាស់ ចាប់តាំងពីសង្គ្រាមលោកលើកទី២មកម្ល៉េះ។
ប៉ុន្តែក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ អាមេរិកបែរជាហ៊ានបញ្ចេញនាវាកំណាចរបស់ខ្លួនយកមកប្រើប្រាស់ទៅវិញ។
ការណ៍នេះធ្វើឲ្យអ្នកជំនាញជឿថា ការប្រើប្រាស់នាវាមុជទឹក ដើម្បីវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់ នៅឯឆ្នេរសមុទ្រស្រីលង្កា គឺច្បាស់ជាវិធីមួយសម្រាប់សហរដ្ឋអាមេរិក ដើម្បីផ្ញើសារដ៏រឹងមាំអំពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទប់ស្កាត់ និងបន្សាបអំណាចកងទ័ពជើងទឹករបស់អ៊ីរ៉ង់៕




