វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ឬវគ្គ ៨ ក្រុមចុងក្រោយ ជើងទី២ នៃពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងចាប់ផ្តើមនៅថ្ងៃពុធ ទី១១ ខែមីនា ខាងមុខនេះ ដោយមាន ២ប្រកួត គឺ៖
គូរទី១ បឹងកេត ត្រូវប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ និងគូរទី២ វិសាខា ត្រូវប្រកួតជាមួយ ណាហ្គាវើលដ៍ ចំណែកឯ ២ប្រកួតទៀតនោះរវាង គូរទី១ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ និងគូរទី២ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ សម្រាប់ការប្រកួតគឺនៅសប្តាហ៍ក្រោយ ថ្ងៃពុធ ទី១៨ ខែមីនា ដោយសារព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ត្រូវជាប់កាតព្វកិច្ចប្រកួតជាមួយគ្នាក្នុងការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅថ្ងៃទី១២ ខែមីនា នាពេលខាងមុននេះ។
យើងក្រឡេកមកមើលពានរង្វាន់ខាប់ក្នុងប្រទេសកម្ពុជាយើងនេះវិញ គឺការប្រកួតមកឈានមកដល់ការកាត់សេចក្តី ដើម្បីសម្រេចក្លិបបាល់ទាត់ចំនួន ២ នឹងត្រូវឡើងទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេពោលគឺឈរចាំព្រះខ័នរាជស្វាយរៀង ឬគិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ឬអាយ អេស អាយ ដង្កោសែនជ័យ។
ដោយកាលពីប្រកួតជើងទី១ បឹងកេត ជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) គឺសមាគមក្លិបបាល់ទាត់ បឹងកេត យកជ័យជម្នះដោយលទ្ធផល ២ ទល់និង ០ ចំណែកណាហ្គាវើលដ៍ ជាមួយ វិសាខា នៅឯកីឡដ្ឋាន ខេត្តកំពង់ស្ពឺ បញ្ចប់ដោយលទ្ធផល ២ គ្រាប់ ទល់និង ២ ។
គួររំលឹកផងដែរនៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះនឹងឈានដល់កាប្រកួតជើងទី២ វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែលធ្វើឡើងចំនួន ២ប្រកួត ដោយបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ អូឡាំពិក ទទួលស្វាគមន៍កងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦:០០ នាទីល្ងាច និងវិសាខា បើកទ្វារនៃកីឡដ្ឋាន វិសាខា ទទួលស្វាគមន៍ក្លិបបាល់ទាត់ពីខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ នៅវេលាម៉ោង ៦:០០ នាទីល្ងាចដូចគ្នា។
កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើន និងតាមដានទាំងអស់គ្នាថាតើក្លិបបាល់ទាត់ណាខ្លះនឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)?




