2026-03-10 12:46
13

ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ នៅព្រឹកថ្ងៃទី៩ ខែមីនា តម្លៃប្រេងឆៅពិភពលោកបានឡើងលើសពី១០០ដុល្លារក្នុងមួយបារ៉ែល។ 

ជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យការផ្គត់ផ្គង់ប្រេងប្រែក្លាយជាខ្វិន ក្នុងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz អស់រយៈពេលជាងមួយសប្តាហ៍។ ជាហេតុធ្វើឲ្យប្រទេសជាច្រើននៅក្នុងតំបន់ត្រូវកាត់បន្ថយការផលិតប្រេង និងឧស្ម័ន ដោយសារអសមត្ថភាពក្នុងការដឹកជញ្ជូនវាចេញពីមជ្ឈិមបូព៌ា។ នេះបើតាម V.N. Express ចេញផ្សាយនៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦។

តាមក្រុមអ្នកវិភាគបានផ្ដល់យោបល់ថា បើធៀបនឹងប្រទេសអាស៊ីផ្សេងទៀត ចិនអាចនឹងប្រឈមការរងគ្រោះតិចជាងប្រទេសដទៃទៀត ជុំវិញការបិទច្រកសមុទ្រ Hormuz ដែលអាចអូសបន្លាយរយៈពេលយូរ។ 

អ្នកវិភាគនៅធនាគារ OCBC បាននិយាយថា "ប្រទេសចិនបានប្រមូលប្រេងឆៅទុកជាទុនបម្រុង ដ៏ច្រើនលើសលប់ស្តុកក្នុងប្រទេសរបស់ខ្លួន  ជាមួយការផ្លាស់ប្តូរដ៏ឆាប់រហ័សនិងឆ្លាតវៃ ប្រទេសនេះបានផលិតយានជំនិះអគ្គិសនីសាកថ្មជាច្រើនជំនួសឲ្យរថយន្តដែលប្រើប្រេងសាំងវិញ"។ 

យោងតាមទិន្នន័យពី Kpler បានឱ្យដឹងថា នៅខែមករា ប្រទេសចិនត្រូវបានគេប៉ាន់ប្រមាណថានឹងកាន់កាប់ប្រេងឆៅប្រហែល 1.2 ពាន់លានបារ៉ែលនៅក្នុងទុនបំរុងរបស់ខ្លួន។ តួរលេខនេះគឺស្មើនឹង 3-4 ខែនៃការប្រើប្រាស់ដែលជួយពន្យារផលប៉ះពាល់សេដ្ឋកិច្ចរបស់ទីក្រុងប៉េកាំង នេះបើតាមលោក Rush Doshi នាយកនៃគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រចិននៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) បានប្រាប់ CNBC នៅថ្ងៃទី 9 ខែមីនា។ 

លោក Doshi និយាយថា "ក្នុងរយៈពេល 20ឆ្នាំកន្លងមកនេះ ប្រទេសចិនបានកាត់បន្ថយបន្តិចម្តងៗនូវការពឹងផ្អែកលើការដឹកជញ្ជូនប្រេងតាមសមុទ្រ"។ បំពង់បង្ហូរប្រេងនៅលើច្រាំង និងការបង្វែរទៅជាថាមពលកកើតឡើងវិញបានជួយប្រទេសនេះ ឲ្យពឹងផ្អែកលើការនាំចូលប្រេងពីសមុទ្រតាមរយៈច្រកសមុទ្រ Hormuz ប្រហែល 40-50% ប៉ុណ្ណោះនៃការប្រើប្រាស់ថាមពលសរុបរបស់ខ្លួន។ 

គួរឲ្យដឹងថា ច្រកសមុទ្រ Hormuz ភ្ជាប់ឈូងសមុទ្រពែក្សជាមួយសមុទ្រអារ៉ាប់ និងផ្លូវដឹកជញ្ជូនសកល។ យោងតាមក្រុមហ៊ុន Kpler បានឱ្យដឹងថា កាលពីឆ្នាំមុន ប្រហែល 31% នៃប្រេងរបស់ពិភពលោកដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ។ 

ទោះជាយ៉ាងណាក៏ដោយ បរិមាណប្រេងដែលឆ្លងកាត់ច្រកនេះ មានត្រឹមតែ 6.6% នៃការប្រើប្រាស់ថាមពលសរុបរបស់ប្រទេសចិនប៉ុណ្ណោះ នេះបើយោងតាមលោក Ting Lu ប្រធានសេដ្ឋវិទូចិននៅ Nomura ៕