2026-03-13 14:30
14

មិនមែនគ្រាន់តែស្រែកហើយមិនហ៊ាន តែអ៊ីរ៉ង់អាចនឹងធ្វើពិតមែន អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសកាលពីថ្ងៃទី12 ខែមីនាថា ពួកគេនឹងដុតបំផ្លាញឧស្សាហកម្មប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ាចោលទាំងអស់ ប្រសិនបើមានការវាយប្រហារសូម្បីតែតិចតួចក៏ដោយ លើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងកំពង់ផែរបស់ប្រទេសពួកគេ។ 

យោងតាម IRGC បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នទាំងអស់ដែលផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចនេះនឹងត្រូវដុតបំផ្លាញចោលទាំងស្រុង ប្រសិនបើអាមេរិក និងអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់បន្តទៀត។ 

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចបណ្តាលឱ្យមានការរំខានដល់ការផ្គត់ផ្គង់ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តនៃឧស្សាហកម្មប្រេង។ 

ទោះយ៉ាងណា លើកហេតុផលផ្ទុយពីការយល់ឃើញខាងលើ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយទាំងមិនខ្វល់ថា ការកម្ចាត់អ៊ីរ៉ង់គឺសំខាន់ជាងតម្លៃប្រេងឆៅទៅទៀត។ 

ខណៈនេះ ច្រកសមុទ្រ Hormuz ត្រូវបានគេមើលឃើញថា កំពុងក្លាយជាចំណុចកកស្ទះដ៏ខ្លាំងក្លាបំផុតទៅលើលំហូរថាមពល ដោយប្រហែល 20% នៃប្រេងឆៅរបស់អ៊ីរ៉ង់ និងឧស្ម័នធម្មជាតិរាវត្រូវបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។ 

យ៉ាងណាក៏ដោយ ដើម្បីខ្ទប់ដង្ហើម និងបង្ខំអាមេរិកឲ្យបើកតុចរចារ អ៊ីរ៉ង់កំពុងបន្តកំណត់គោលដៅលើនាវាដឹកទំនិញអន្តរជាតិនៅច្រកសមុទ្រដោយការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដើម្បីកម្ទេចនាវាដឹកប្រេង និងឧស្ម័ន ជាថ្នូរនឹងការសងសឹកដែលអាមេរិក និងអ៊ីស្រាអែល ហ៊ានបើកការវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ៕