2026-03-14 18:21
46

សៀមរាប៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កន្លងមក កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរសព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួនដែលបានជួល បែរជាឃើញលក់ទៅឲ្យបុគ្គលផ្សេង។ 

ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ មានឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ 

ចំពោះវត្ថុតាងចាប់យករួមមាន៖ រថយន្ត​ ០១ គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ស្លាកលេខ ភ្នំពេញ 2BZ-4032 និងឯកសារក្លែងមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឱ្យដឹងថា «ខ្លួន និងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ ពិតប្រាកដមែន និងធ្លាប់ត្រូវបាន អាវុធហត្ថខេត្តសៀមរាប បង្ក្រាបម្ដងរួចមកហើយ»

ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប រីឯបក្ខពួកចំនួន០២នាក់ទៀត ដែលកំពុងគេចខ្លួន កម្លាំងការិយាល័យជំនាញ កំពុងស្រាវជ្រាវបន្ត៕