2026-03-17 12:38
24

អគ្គីភ័យដ៏ធំមួយបានឆាបឆេះកន្លែងឧស្ម័នដ៏ធំបំផុតរបស់អារ៉ាប់រួមអេមីរ៉ាត (UAE) បន្ទាប់ពីការមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបង្ខំឱ្យរោងចក្រត្រូវបិទទ្វារ។

តាមមន្ត្រីអារ៉ាប់រួមអេមីរ៉ាត (UAE)  បាននិយាយថា នៅថ្ងៃទី16 ខែមីនា មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយបណ្តាលឱ្យមានភ្លើងឆេះនៅកន្លែងឧស្ម័ន Shah ដែលស្ថិតនៅចម្ងាយប្រហែល 180 គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Abu Dhabi ។ 

ក្រោយឧប្បទ្ទវហេតុកើតឡើង កងកម្លាំង UAE ក៏បានគ្រប់គ្រងអគ្គិភ័យនេះបាន ហើយអាជ្ញាធរបានរាយការណ៍ថាមិនមានមនុស្សណាម្នាក់រងគ្រោះឡើយ។ 

ទោះយ៉ាងនេះក្ដី កន្លែងឧស្ម័ន Shah របស់អារ៉ាប់រួមអេមីរ៉ាត (UAE)  នឹងនៅតែបន្តបិទទ្វារដដែល ខណៈអាជ្ញាធរប្រទេសនេះកំពុងធ្វើការវាយតម្លៃការខូចខាត។ ហើយមិនច្បាស់ទេថា រោងចក្រខាងលើនឹងបើកដំណើរការវិញនៅពេលណានោះ។

គួរបញ្ជាក់ថា Shah គឺជាកន្លែងឧស្ម័នដ៏ធំបំផុតនៅក្នុងអារ៉ាប់រួមអេមីរ៉ាត (UAE) និងជាកន្លែងធំបំផុតមួយក្នុងពិភពលោក ដែលមានសមត្ថភាពផលិតឧស្ម័នស្តង់ដារប្រហែល 36 លានម៉ែត្រគូបក្នុងមួយថ្ងៃ នេះបើយោងតាមក្រុមហ៊ុនប្រេងជាតិ Abu Dhabi (ADNOC) ។ ទន្ទឹមគ្នានេះ រឿងដែលនឹកស្មានមិនដល់មួយទៀតក៏បានកើតឡើងព្រមគ្នា ដោយនៅទីក្រុង Fujairah របស់ UAE ដដែល ស្រាប់តែកើតមានគ្រោះអគ្គិភ័យកំពុងឆាបឆេះនៅតំបន់ឧស្សាហកម្មប្រេង និងឧស្ម័ន Fujairah (FOIZ) ដោយសារតែការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដូចគ្នា។ ដោយអាជ្ញាធរប្រទេសនេះកំពុងធ្វើការដើម្បីគ្រប់គ្រងស្ថានការណ៍អគ្គិភ័យទាំងនេះ។ 

សូមបញ្ជាក់ថា ទីក្រុង Fujairah ស្ថិតនៅលើឈូងសមុទ្រអូម៉ង់។ វាជាផ្លូវនាំចេញថាមពលដ៏សំខាន់សម្រាប់ UAVs ដែលអនុញ្ញាតឱ្យការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បានយ៉ាងងាយស្រួល ដោយបច្ចុប្បន្ន កំពុងស្ថិតក្រោមការបិទជិតរបស់ប្រទេសអ៊ីរ៉ង់។ 

ទីក្រុង Fujairah (FOIZ) មានសមត្ថភាពផ្ទុកពាណិជ្ជកម្មដ៏ធំបំផុតសម្រាប់ផលិតផលប្រេងចម្រាញ់នៅមជ្ឈិមបូព៌ា ដែលមានសមត្ថភាពផ្ទុកប្រហែល 70 លានបារ៉ែល។ 

ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា ហេដ្ឋារចនាសម្ព័ន្ធថាមពល និងការដឹកជញ្ជូនរបស់អារ៉ាប់រួមអេមីរ៉ាត (UAE) ត្រូវបានអ៊ីរ៉ង់កំណត់គោលដៅម្តងហើយម្តងទៀត។ 

ការណ៍នេះបានធ្វើឲ្យការផលិតប្រេងប្រចាំថ្ងៃរបស់ប្រទេសនេះ បានធ្លាក់ចុះជាងពាក់កណ្តាល ហើយការបិទច្រកសមុទ្រ Hormuz បានបង្ខំឱ្យក្រុមហ៊ុនប្រេងរបស់រដ្ឋ ANNOC បញ្ឈប់ការផលិតក្នុងទ្រង់ទ្រាយធំជាបន្ទាន់៕