2026-03-27 14:51
16

ភ្នំពេញ៖ លោកបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងនាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយអំពី “តួនាទី និងភារកិច្ចរបស់ក្រុមការងារអធិការកិច្ច នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា” នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ នេះ។

ក្នុងប្រសាសន៍របស់ខ្លួន បណ្ឌិត កែវ ពិសិដ្ឋ បានសង្កត់ធ្ងន់ថា តួនាទីអធិការកិច្ច គឺជា «ឆ្អឹងខ្នង» ដ៏សំខាន់ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីបង្ការរាល់កំហុស និងពង្រឹងប្រសិទ្ធភាពការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ។

បណ្ឌិត កែវ ពិសិដ្ឋ បានជំរុញឱ្យសមាជិកក្រុមការងារទាំងអស់ បំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងប្រកបដោយវិជ្ជាជីវៈ, ដោយផ្តោតលើការកែលម្អ រដ្ឋបាលរដ្ឋសភាឱ្យមានទំនើបភាព និងរឹងមាំ, ជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពសេវារដ្ឋបាល និងការងាររបស់ស្ថាប័នរដ្ឋសភាទាំងមូល។

កិច្ចប្រជុំនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងឲ្យមន្ត្រីរាជការ និងភាគីពាក់ព័ន្ធ ច្បាស់លាស់អំពីយន្តការការងារ និងដែនសមត្ថកិច្ចរបស់ក្រុមការងារអធិការកិច្ច ក៏ដូចជាទាក់ទងទៅនឹង ការធានារួមចំណែកក្នុងការពង្រឹងតម្លាភាព និងអនុលោមភាព តាមបទដ្ឋានគតិយុត្ត និងច្បាប់ជាធរមាន។

កិច្ចប្រជុំនេះត្រូវបានរៀបចំ ដើម្បីធានាការកែលម្អសកម្មភាពការងារ និងផ្ដល់នូវការយល់ដឹងច្បាស់លាស់ដល់ភាគីពាក់ព័ន្ធទាំងអស់៕