2026-04-07 15:07
9

គ្មានអ្នកណាតាមគំនិត លោក ដូណាល់ ត្រាំ ទាន់ទេ អំឡុងពេលអ៊ីរ៉ង់ប្រកាសនឹងគិតថ្លៃគ្រប់នាវាដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្រធានាធិបតីអាមេរិកលើកការជំទាស់មិនពេញចិត្ត និងបានគម្រាមឲ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រឡើងវិញ បើមិនចង់ខ្ទេចប្រទេស។ 

តែជាក់ស្ដែង លោក ត្រាំ បែរជាមានគម្រោងនឹងយកថ្លៃពីនាវាទាំងអស់ដែលដឹកប្រេង ឆ្លងកាត់ហ័រមូសដែរ ប្រសិនអាមេរិកដណ្ដើមគ្រប់គ្រងច្រកសមុទ្រនេះបាន។

តាមការចេញផ្សាយពី Al Jazeera នៅថ្ងៃទី០៦ មេសា បានទម្លាយថា ប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា សហរដ្ឋអាមេរិកអាចនឹងគិតថ្លៃលើនាវាដែលឆ្លងកាត់ ច្រកសមុទ្រ Hormuz បន្ទាប់ពីឈ្នះសង្គ្រាម ប៉ុន្តែវាមិនមែនជារឿងងាយទេ ដើម្បីធ្វើទៅបានអាមេរិកត្រូវតែគ្រប់គ្រងតំបន់នោះដោយយោធា ព្រោះអ៊ីរ៉ង់នៅតែមានសមត្ថភាពវាយប្រហារ និងគ្រប់គ្រងច្រកសមុទ្រហ័រមូសនៅឡើយ។

អ្វីដែលគ្រប់គ្នាសម្ដែងការហួសចិត្តនោះ កំឡុងពេលមានអ្នកសួរថា តើ លោក ត្រាំ ព្រមទទួលយកកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យអ៊ីរ៉ង់យកថ្លៃពីនាវាឆ្លងកាត់ច្រកហ័រមូសឬទេ? ប្រធានាធិបតីអាមេរិកឆ្លើយយ៉ាងធូរថា៖ “ហេតុអ្វីយើងមិនយកថ្លៃខ្លួនឯងវិញ? ខ្ញុំចង់ធ្វើបែបនោះជាងឲ្យពួកគេយក។ ហេតុអ្វីយើងមិនគួរធ្វើ? ព្រោះពួកយើងជាអ្នកឈ្នះ!”។ 

លោក ត្រាំ បន្តដោយមើលស្រាលមហិច្ឆតាអ៊ីរ៉ង់ថា ទីក្រុងតេអេរ៉ង់ចង់គ្រប់គ្រង ហ័រមូស ដោយគ្រាន់តែប្រើយុទ្ធសាស្រ្តដាក់មីនក្រោមទឹក ដែលជាការគំរាមគំហែងតិចតួចប៉ុណ្ណោះ ប៉ុន្តែអាមេរិកមានគំនិតធំជាង ពោលចង់គ្រប់គ្រង់ហ័រមូសទាំងមូល និងយកលុយពីនាវាទាំងអស់ដែរឆ្លងកាត់ច្រកនេះ។

យ៉ាងណាក៏ដោយ មហិច្ឆតារបស់ លោក ត្រាំ មិនងាយស្រួលនឹងធ្វើទៅបានទេ។ 

ព្រោះនេះជាគំនិតធំ និងប្រថុយប្រថានខ្លាំងណាស់ចំពោះជីវិតយោធាអាមេរិក។ 

ដោយហេតុថា ច្រកហ័រមូស មានគ្រោះថ្នាក់ខ្លាំង ហើយប្រសិនអាមេរិកប៉ងចង់គ្រប់គ្រងមែន សង្គ្រាមជាមួយអ៊ីរ៉ង់នឹងរឹតតែខ្លាំងក្លា រួមទាំងសាហាវជាងពេលណាៗទាំងអស់។ 

ម្យ៉ាងបើដំណាក់កាលនោះមកដល់ អ៊ីរ៉ង់អាចជ្រកក្រោមពាក្យស្លោកថា “ស៊ូស្លាប់មិនបកក្រោយ” ហើយអាចទាញអាមេរិកឲ្យខាតបង់លើសពីការរំពឹងទុកក៏ថាបាន៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា