2026-04-24 08:14
17

គ្មានសញ្ញាវិជ្ជមានកើតឡើងទៀតទេ ទោះឆ្លងការចរចាពីរដំណាក់កាលហើយក្ដី តែនៅហ័រមូសពោរពេញទៅដោយកម្ដៅ និងស្នូរគ្រាប់កាំភ្លើងដដែល។ ប្រធានាធិបតី Donald Trump បានបញ្ជាឱ្យកងទ័ពជើងទឹកអាមេរិកបាញ់ទម្លាក់នាវាដាក់គ្រាប់មីនរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ដោយអះអាងថាទីក្រុងវ៉ាស៊ីនតោនកំពុងគ្រប់គ្រងតំបន់នោះ។

តាមការដកស្រង់ប្រភពពី CNN បានឲ្យដឹងថា តាមរយៈការសរសេរបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថា លោកបានបញ្ជាឱ្យកងទ័ពជើងទឹកអាមេរិកបាញ់កម្ទេចដោយគ្មានការស្ទាក់ស្ទើររាល់នាវាអ៊ីរ៉ង់ទាំងអស់ ដែលដាក់មីននៅច្រកសមុទ្រ Hormuz ទោះបីជាវាតូចប៉ុណ្ណាក៏ដោយ។ 

ប្រធានាធិបតីអាមេរិកបន្ថែមថា ខណៈនេះ នាវាកងទ័ពជើងទឹកអ៊ីរ៉ង់ទាំង 159 កំពុងស្ថិតក្នុងបាតសមុទ្រយ៉ាងសុខសាន្តហើយ។ 

មិនត្រឹមតែបាញ់បំផ្លាញទេ លោក Trump ក៏បានបញ្ជាឲ្យ ក្រុមអ្នកបោសសម្អាតមីនអាមេរិក ធ្វើប្រតិបត្តិការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz ផងដែរ ដើម្បីធានាសុវត្ថិភាពក្នុងការឆ្លងកាត់ច្រកសមុទ្រនេះ។ 

លោក ត្រាំ អះអាងថា ពេលនេះសហរដ្ឋអាមេរិកកំពុងគ្រប់គ្រងហ័រមូសបានទាំងស្រុង ហើយគ្រប់នាវាទាំងអស់មិនអាចឆ្លងកាត់ច្រកនេះតាមអំពើចិត្តបានទេ បើគ្មានការយល់ព្រមពីកងទ័ពអាមេរិក។

យោងតាមប្រភពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់គ្រាប់មីននៅច្រកសមុទ្រ Hormuz នៅដើមខែមីនា។ បន្ទាប់មក លោក Trump ក៏បានចេញការព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនព្រមដកមីនចេញទេ ប្រទេសនេះនឹងប្រឈមមុខលើផលវិបាកក្នុងទំហំដ៏ធំដែលមិនធ្លាប់មានពីមុនមក។

យ៉ាងណាក៏ដោយ បញ្ហានេះនៅតែស្ថិតក្នុងភាពខ្វែងគំនិតគ្នារវាងជួរមន្រ្តីអាមេរិក យោងតាម CNN មន្ត្រីក្រសួងការពារជាតិអាមេរិកបានរាយការណ៍ទៅសមាជិកសភាកាលពីសប្តាហ៍មុនថា វានឹងចំណាយពេលរហូតដល់ប្រាំមួយខែឯណោះ ដើម្បីបោសសម្អាតមីនទាំងស្រុងនៅច្រកសមុទ្រ Hormuz បន្ទាប់ពីជម្លោះជាមួយអ៊ីរ៉ង់បានបញ្ចប់។ 

យ៉ាងណាក្រោយដឹងដំណឹងនេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយនៅថ្ងៃទី22 ខែមេសាថា ការបិទច្រកសមុទ្រ Hormuz រយៈពេលប្រាំមួយខែគឺ "មិនអាចទទួលយកបានទេ" ។ 

រីឯឧត្តមនាវីឯក Bradley Cooper មេបញ្ជាការនៃបញ្ជាការកណ្តាល ដែលជាអង្គភាពទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា បានការអះអាងកាលពីសប្តាហ៍មុនថា វាគ្មានបញ្ហាអ្វីនោះទេ ពួកគេ "មានសមត្ថភាពពេញលេញ" ក្នុងការបោសសម្អាតមីននៅច្រកសមុទ្រ Hormuz ព្រោះពេលនេះទីក្រុងវ៉ាស៊ីនតោនក៏កំពុងធ្វើប្រតិបត្តិការបោសសម្អាតនេះស្រាប់ហើយ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា