ភ្នំពេញ៖ នាថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ គណៈរដ្ឋមន្រ្តីកម្ពុជាបានចេញសេចក្ដីអនុម័តជាផ្លូវការ ស្ដីពីកាតព្វកិច្ចយោធារបស់ពលរដ្ឋកម្ពុជាគ្រប់រូប ដែលសេចក្តីព្រាងច្បាប់នេះ មាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីអនុវត្តមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានប្រកាសជាការប្រញាប់ ដោយអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់។ ដោយឡែកការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលដល់អាយុត្រូវបំពេញកាតព្វកិច្ចយោធាត្រូវអញ្ជើញ ទៅចុះឈ្មោះក្នុងបញ្ជីជំរឿនកាតព្វកិច្ចយោធា។
ចំពោះពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី នឹងទទួលបានការជូនដំណឹងអំពីកាលបរិច្ឆេទ និងទីកន្លែងនៃការចុះឈ្មោះចូលបំពេញកាតព្វកិច្ច តាមរយៈអាជ្ញាធរដែនដី ។
ដោយឡែក ពលរដ្ឋដែលចង់ពន្យារពេលក្នុងការមកបំពេញកាតព្វកិច្ចយោធា លុះត្រាតែពលរដ្ឋនោះកំពុងជាប់បំពេញការងារជំនាញក្នុងសហគ្រាសសាធារណៈ ឬឯកជនអាចដាក់ពាក្យសុំពន្យារពេលមួយឆ្នាំម្តងៗ ប៉ុន្តែការសុំពន្យារពេលនេះមិនអាច លើសពី ៣ ឆ្នាំឡើយ។
ពលរដ្ឋជាប់ពាក់ព័ន្ធបទល្មើស ដែលកំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ និងពលរដ្ឋដែលជាប់ពាក់ព័ន្ធក្នុងរឿងព្រហ្មទណ្ឌដែលសមត្ថកិច្ចកំពុងតាមដាន។
ករណីលើកលែងផ្ដល់ជូនចំពោះតែ ពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា ព្រះសង្ឃ បព្វជិត នៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួង ធម្មការ និងកិច្ចការសាសនា និងបុគ្គលដែលមានកាយសម្បទាមិនគ្រប់គ្រាន់។
សូមបញ្ជាក់ថា កន្លងមកព្រះរាជាណាចក្រកម្ពុជាមានច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១២០៦/០៣០ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។
ប៉ុន្តែច្បាប់ស្តីពីកាតព្វកិច្ចយោធាឆ្នាំ២០០៦ពុំទាន់គ្របដណ្ដប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ដែលតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី៕




