2026-04-25 11:49
6

យោធាអាមេរិកកំពុងបង្កើតផែនការវាយប្រហារ លើការការពាររបស់អ៊ីរ៉ង់នៅតាមច្រកសមុទ្រ Hormuz ប្រសិនបើបទឈប់បាញ់ត្រូវដួលរលំ។

យោងតាមសារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី23 ខែមេសា ដោយដកស្រង់ប្រភពដែលដឹងពីស្ថានភាពនៅមជ្ឈិមបូព៌ាបានឲ្យដឹងថា យោធាអាមេរិកកំពុងពិចារណាជម្រើសប្រតិបត្តិការនិងគោលដៅថ្មីរួមទាំង ការកំណត់គោលដៅដែលអាចបត់បែនបានយ៉ាងរហ័សទៅលើកងកម្លាំងអ៊ីរ៉ង់ដែលកំពុងដាក់ពង្រាយនៅជុំវិញច្រកសមុទ្រ Hormuz ប្រសិនបើបទឈប់បាញ់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បានបញ្ចប់ដោយគ្មានទទួលបានផ្លែផ្កាអ្វីសោះ។

គោលដៅដែលកំណត់រួមមាន ទូកល្បឿនលឿន យានជំនិះដាក់គ្រាប់មីន និងប្រព័ន្ធអាវុធមិនស៊ីមេទ្រីគ្នាផ្សេងទៀត ដែលអ៊ីរ៉ង់ប្រើដើម្បីបិទផ្លូវដឹកជញ្ជូននេះ។

នៅដំណាក់កាលដំបូងនៃជម្លោះ សហរដ្ឋអាមេរិកបានបើកការវាយប្រហារជាបន្តបន្ទាប់លើទីតាំងកងទ័ពជើងទឹកអ៊ីរ៉ង់ ដែលភាគច្រើនមិនសម្ដៅលើកងកម្លាំងដែលដាក់ពង្រាយនៅច្រកសមុទ្រ Hormuz ទេ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការលុកលុយកាន់តែជ្រៅទៅក្នុងទឹកដីសត្រូវ។ 

ប៉ុន្តែចំពោះផែនការប្រតិបត្តិការថ្មីនេះ ត្រូវបានគេរំពឹងថា អាមេរិកនឹងផ្តោតលើតំបន់ជុំវិញផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រហ័រមូសវិញម្ដង។

ប្រភពពី CNN ដដែលបានឲ្យដឹងថា កាំជ្រួចការពារឆ្នេររបស់អ៊ីរ៉ង់មួយចំនួនធំនៅតែមានសុវត្ថិភាពដដែល បើទោះបីជាមានការប្រយុទ្ធគ្នាជាងប្រាំមួយសប្តាហ៍ក្ដី។ 

ទីក្រុងតេអេរ៉ង់ក៏មានកប៉ាល់ល្បឿនលឿន និងនាវាតូចៗជាច្រើន ដែលអាចវាយប្រហារលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនេះកាន់តែធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការព្យាយាមបើកផ្លូវដឹកជញ្ជូននេះឡើងវិញ។

មិនត្រឹមតែមានគម្រោងបំបិតមាត់កងកម្លាំងដាក់ពង្រាយជុំវិញហ័រមូសទេ តាមប្រភពបានឲ្យដឹងថា អាមេរិកក៏មានផែនការមួយទៀតគឺកំណត់គោលដៅលើមេដឹកនាំយោធាអ៊ីរ៉ង់ និងអ្នកដែលទីក្រុងវ៉ាស៊ីនតោនជឿថាកំពុងរារាំងការចរចារវាងភាគីទាំងពីរ។ 

តាមប្រភពដែលមិនបញ្ចេញឈ្មោះបង្ហើបថា គោលដៅនេះអាចផ្ដោតទៅលើ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក Ahmad Vahidi។

យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះគេមើលឃើញថា លោក Trump ហាក់បង្ហាញការប្រុងប្រយ័ត្នខ្លាំងក្នុងការចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ ហើយបែរជាប្ដូរចិត្តយកដំណោះស្រាយការទូត មកដាក់លើកតុពិភាក្សាជាមួយសត្រូវច្រើនជាងប្រើកម្លាំងបាយទៅវិញ។ 

យ៉ាងនេះក្ដី ក៏តាមប្រភពជាច្រើនបានបង្ហាញស្រដៀងគ្នាថា ការអត់ធ្មត់របស់ លោក ត្រាំ អាចមានដែនកំណត់ ហើយបើកិច្ចព្រមព្រៀងមិនលេចឡើងដូចការគ្រោងទុក នោះយោធាអាមេរិក ក៏ត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារអ៊ីរ៉ង់ជាថ្មីដោយមិនសំចៃដៃ ប្រសិនបើ លោក ត្រាំ បើកភ្លើងខៀវ៕ 
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា