ក្រោយមានការប្រកាសពីក្រុមហ៊ុនផលិតឈានមុខគេលើពិភពលោក លើការដំឡើងថ្លៃ30% សម្រាប់ស្រោមអនាម័យ ប្រជាជនចិននាំគ្នាភ័យស្លន់ស្លោទិញស្រោមអនាម័យស្តុកទុក ដើម្បីសន្សំការចំណាយប្រចាំថ្ងៃរបស់ពួកគេ។
តាមប្រភពពី V.N. Express បានចេញផ្សាយនៅថ្ងៃទី២៤ មេសា បានឲ្យដឹងថា ភាពច្របូកច្របល់នេះបានចាប់ផ្តើមឡើង នៅពេលដែល លោក Goh Miah Kiat ប្រធានក្រុមហ៊ុនផលិតស្រោមអនាម័យម៉ាឡេស៊ី Karex Bhd ដែលជាអ្នកផ្គត់ផ្គង់ដល់ម៉ាកធំៗដូចជា Durex និង Trojan បានប្រកាសពីផែនការបង្កើនតម្លៃស្រោមអនាម័យពី 20% ទៅ 30%។
ខណៈនេះ នៅក្នុងប្រទេសចិន ស្លាកសញ្ញាធំៗដែលដាក់ថា "ស្រោមអនាម័យឡើងថ្លៃ" កំពុងទាញចំណាប់អារម្មណ៍មនុស្សលើបណ្ដាញសង្គមជាង 60លាននាក់។
អ្នកប្រើប្រាស់ជាច្រើនបានសម្តែងការព្រួយបារម្ភថា ជម្លោះនៅមជ្ឈិមបូព៌ាមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចទូទៅក្នុងប្រទេសពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចាប់ផ្តើម "ជ្រៀតចូល" ក្នុងបន្ទប់គេងរបស់ពួកគេដូចគ្នា។
យ៉ាងនេះក្ដី ទោះបីជាតម្លៃស្រោមអនាម័យឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាជនចិនភាគច្រើននៅតែតាំងចិត្តថា គ្មានអ្វីអាចរារាំងពួកគេពីការប្រើប្រាស់វិធីពន្យារកំណើត និងការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពនោះទេ។
ហើយអ្នកប្រើបណ្ដាញសង្គមជាច្រើនក៏កំពុងជំរុញគ្នាឲ្យទិញស្រោមអនាម័យស្តុកទុកក្នុងបរិមាណច្រើនតាមដែលអាចធ្វើទៅបាន ចាប់តាំងពីពេលនេះទៅផងដែរ។
មនុស្សជាច្រើននាំគ្នាបញ្ចេញមតិថា ពួកគេសុខចិត្តចំណាយប្រាក់រាប់សិបយន់លើការទិញស្រោមអនាម័យ ជាជាងត្រូវចំណាយរាប់លានយន់ដើម្បីចិញ្ចឹមកូន។
គំនិតទាំងនេះ កំពុងក្លាយជារនាំងមួយដ៏ធំដែលប្រឆាំងនឹងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលចិនបច្ចុប្បន្ន ខណៈកាលពីឆ្នាំមុន ចំនួនកុមារដែលកើតនៅប្រទេសចិនបានធ្លាក់ចុះដល់កម្រិតទាបបំផុតដែលមិនគួរឲ្យជឿ។
ដូច្នេះគ្មានជម្រើស នៅដើមឆ្នាំ២០២៦នេះ រដ្ឋាភិបាលចិន បានសម្រេចយកពន្ធ 13% បន្ថែមទៀតលើទំនិញស្រោមអនាម័យ និងថ្នាំពន្យារកំណើត ជាហេតុធ្វើឲ្យគេរំពឹងថាប្រជាជនចិនជាច្រើននឹងត្រូវចំណាយច្រើនជាងពេលមុនៗទាំងអស់ ទៅលើការរៀបចំផែនការគ្រួសាររបស់ពួកគេ ស្របពេលដែលតម្លៃស្រោមអនាម័យក៏កើតឡើងទ្វេដង អំឡុងពេលជម្លោះមជ្ឈិមបូព៌ានៅតែមិនទាន់មានភាពធូរស្រាល៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





