2026-05-01 11:40
17

នាវាចម្បាំង USS Gerald R. Ford របស់អាមេរិក ទំនងជាបកក្បាលចេញពីតំបន់មជ្ឈិមបូព៌ានៅប៉ុន្មានថ្ងៃខាងមុខ ក្នុងគោលដៅវិលទៅទ្រនំដើមវិញ ដើម្បីសម្រាកបន្ទាប់ពីបានដាក់ពង្រាយយូរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

តាមកាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី29 ខែមេសា ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា នាវា USS Gerald R. Ford នឹងចាប់ផ្តើមធ្វើដំណើរទៅផ្ទះវិញនៅប៉ុន្មានថ្ងៃខាងមុខនេះ។ 

យ៉ាងណាក៏ដោយ ចំពោះកាលបរិច្ឆេទចេញដំណើរពិតប្រាកដរបស់វាកំពុងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ប៉ុន្តែប្រភពមួយបាននិយាយថា នាវាចម្បាំងនេះត្រូវបានគេរំពឹងថានឹងមកដល់រដ្ឋ Virginia នៅពាក់កណ្តាលខែឧសភា។

តាមប្រភពបានបន្តថា USS Gerald R. Ford បច្ចុប្បន្នកំពុងប្រតិបត្តិការនៅសមុទ្រក្រហម ហើយវានឹងមិនចូលរួមក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់ទេ។ 

ជុំវិញបញ្ហានេះ មន្ទីរបញ្ចកោណ មិនបានធ្វើការអត្ថាធិប្បាយនោះទេ។ យ៉ាងណាក៏ដោយ តាមការប៉ាន់ស្មាន មូលហេតុដែលនាវាចម្បាំងដ៏មានអំណាចរបស់អាមេរិក សុខៗក៏ស្រាប់តែដកខ្លួនចេញពីមជ្ឈិមបូព៌ាយ៉ាងតក់ក្រហល់បែបនេះ វាអាចបណ្ដាលមកពីការភ័យខ្លាចប៉ះពាល់ដល់សមត្ថភាពប្រតិបត្តិការរបស់វានាពេលអនាគត ដោយសារតែ USS Gerald R. Ford បានដាក់ពង្រាយជាយូរមកហើយ ម្យ៉ាងវិញទៀតកងទ័ពជើងទឹកក្នុងនាវានេះក៏មិនមានពេលហ្វឹកហាត់ ឬថែទាំបានដិតដល់ផងដែរ ជាហេតុធ្វើឲ្យអាមេរិកបារម្ភថា ប្រសិនជាវាចេញប្រតិបត្តិការ អំណាចនៃការប្រយុទ្ធរបស់វាក៏អាចថយចុះទៅតាមនោះដែរ។ 

សូមបញ្ជាក់ថា USS Gerald R. Ford គឺជានាវាចម្បាំងដែលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយវាមានតម្លៃជិត 13 ពាន់លានដុល្លារឯណោះ។ ហើយខណៈនេះ ទីក្រុងវ៉ាស៊ីនតោន នៅសល់នាវាចម្បាំងតែពីរគ្រឿងប៉ុណ្ណោះនៅមជ្ឈិមបូព៌ា ក្នុងការត្រៀមដាក់សម្ពាធលើទីក្រុងតេអេរ៉ង់៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា