2026-05-01 12:37
20

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តអាល្លឺម៉ង់ អាចនឹងពិបាកស្រោចស្រង់ឡើងវិញ ខណៈទើបមានការទាស់សម្ដីគ្នាសោះ លោក ត្រាំ ក៏ប្រកាសគម្រោងចង់ដកទ័ពបញ្ឈប់មិនឲ្យបន្តឈរជើងក្នុងទឹកដីមួយនេះទៀតទេ។

យោងតាមប្រភពពី Reuter អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រកាសនៅថ្ងៃទី១ ខែឧសភាថា សហរដ្ឋអាមេរិកនឹងដកទ័ពប្រមាណ ៥.០០០នាក់ ដែលឈរជើងក្នុងប្រទេសអាឡឺម៉ង់នៅឆ្នាំក្រោយ ក្រោមមូលហេតុ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងបន្ទាត់ក្រហមនៃភាពតានតឹងខ្លាំងពេក។ 

ចំណាត់ការនេះកើតឡើងក្រោយពេល មេដឹកនាំអាល្លឺម៉ង់ បានរិះគន់អាមេរិកថា ជាប្រទេសដែលគ្មានយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការជម្លោះជាមួយអ៊ីរ៉ង់ ដែលពេលនេះទីក្រុងតេអេរ៉ង់ កំពុងតែធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនរងការអាម៉ាស់ហើយ។ ជាការឆ្លើយតប លោក Trump ក៏បានរិះគន់ចំៗលើមេដឹកនាំអាល្លឺម៉ង់វិញជាសាធារណៈ ហើយភ្លាមៗសេតវិមានក៏បានប្រកាសឲ្យពិភពលោកដឹងថា ពេលនេះអាមេរិកកំពុងពិចារណាកាត់បន្ថយចំនួនទាហានដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយការសម្រេចចិត្តចុងក្រោយនឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ។

គួរឲ្យដឹងថា យោងតាមទិន្នន័យពីមជ្ឈមណ្ឌលទិន្នន័យការពារមនុស្សរបស់មន្ទីរបញ្ចកោណ (DMDC) ក្នុងខែធ្នូ ឆ្នាំ 2025 បានបង្ហាញថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានបុគ្គលិកយោធាចំនួន 36,436 នាក់ដែលកំពុងឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលនេះជាចំនួនខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសនៅអឺរ៉ុ ខណៈអ៊ីតាលីមានចំនួន១២.៦៦២ និងអេស្ប៉ាញមាន ៣.៨១៤។ 

បន្ថែមពីនេះ ក្រៅពីអាល្លឺម៉ង់ លោក Trump ក៏បានធ្វើការព្រមានដោយប្រយោលដែរថា អាមេរិកក៏អាចកាត់បន្ថយចំនួនកងទ័ពដែលឈរជើងនៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដូចគ្នា ព្រោះប្រទេសទាំងនេះ មិនបានជួយអាមេរិកជាដុំកំភួនអ្វីទាល់តែសោះ ក្នុងការចូលរួមប្រឹងប្រែងដើម្បី "លុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់" ៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា