2026-05-02 13:15
14

បន្ទន់ឥរិយាបថជាថ្មីម្ដងទៀតទៅកាន់អាមេរិក អ៊ីរ៉ង់សុខចិត្តពឹងប៉ាគីស្ថានឲ្យជួយបញ្ជូនសារចរចាជាថ្មីទៅកាន់ដៃ លោក ត្រាំ។

តាមទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃទី1 ខែឧសភាថា ទីក្រុងតេអេរ៉ង់ បានដាក់សំណើចរចាចុងក្រោយរបស់ខ្លួនទៅកាន់ប៉ាគីស្ថាន ក្នុងនាមជាអ្នកសម្របសម្រួលសម្រាប់កិច្ចចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកនៅថ្ងៃទី30 ខែមេសា ។ 

យោងតាម លោក Gholamhossein Mohseni Ejei ប្រធានផ្នែកតុលាការអ៊ីរ៉ង់បានបញ្ជាក់ក្នុងថ្ងៃតែមួយនេះថា មូលហេតុដែលទីក្រុងតេអេរ៉ង់សុខចិត្តបន្ទន់ឥរិយាបថជាមួយអាមេររិក ព្រោះប្រទេសនេះ មិនដែលគិតចង់គេចចេញពីការចរចាម្ដងណាឡើយ តែក៏មិនមែនមានន័យថា ព្រមទទួលយកការបង្ខិតបង្ខំគ្រប់រូបភាពណាមួយដូចគ្នា។ 

សូមរំឭកឡើងវិញថា នេះមិនមែនជាលើកទី១ទេ ដែលអ៊ីរ៉ង់បានស្នើឲ្យប៉ាគីស្ថានជួយនាំសារក្នុងការបានចរចាជាមួយអាមេរិកឡើងវិញ បើទោះបីជាមេដឹកនាំប្រទេសទាំងពីរតែងតែសង្គ្រឺតធ្មេញដាក់គ្នាយ៉ាងណាក្ដី។ 

លើសពីនេះ កន្លងមក អ៊ីរ៉ង់ក៏ធ្លាប់បានស្នើឱ្យអាមេរិកពន្យារពេលការចរចាលើបញ្ហានុយក្លេអ៊ែររបស់ខ្លួនសិនដែរ ដោយជំនួសមកវិញប្រទេសនេះនឹងបញ្ឈប់ការបិទច្រកសមុទ្រហ័រមូស រួមទាំងការបញ្ចប់ជម្លោះទាំងស្រុង។ ជុំវិញសំណើរនេះ លោក Trump ក៏បានច្រានចោលភ្លាមៗដោយមិនគិតច្រើនទេ។ 

តាម Axios ការបដិសេធរបស់ប្រធានាធិបតីអាមេរិក បណ្ដាលមកពីទីក្រុងវ៉ាស៊ីនតោននៅតែមានការព្រួយបារម្ភខ្លាំងដដែលអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដូច្នេះដាច់ខាតអាមេរិកមិនអនុញ្ញាតនោះឡើយ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា