2023-07-10 11:34
313

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខថ្នាក់ដឹកនាំកម្ពុជា ថ្លែងសុន្ទរកថា ក្នុង កិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកល សម្រាប់ការអភិវឌ្ឍរួម ថ្ងៃទី៩-១០ខែកក្កដាឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធវីដេអូ។

 ក្នុងសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទររដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិនដែលបានរៀបចំនូវ «កិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្ដីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម»។ សម្តេចតេជោ បានថ្លែងទៀតថា ពិតណាស់ថា យើងបាននឹងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និង ការអភិឌ្ឍសកលបន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាលឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និងបរិស្ថាន

 សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅក្នុងបរិបទខាងលើនេះ, យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាង សកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេសការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)»និង «គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) ដោយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០

 សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា ជាការពិតណាស់, នៅក្នុងបរិការណ៍សកល បច្ចុប្បន្នដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល, ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ពិតជាមានភាពចំបាច់មិនអាចខ្វះបានតាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស, ការកាត់បន្ថយគម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់និងសកល, ការជំរុញការវិនិយោគដោយផ្ទាល់, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម និងចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗជាមួយគ្នានេះដែរ, ខ្ញុំយល់ថា យើងគប្បីគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និង យន្តការសហប្រតិបត្តិការ ជាពិសេសការរៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្បទានសម្រាប់គម្រោងអាទិភាពនានាសំដៅធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះនៅក្នុងក្របខណ្ឌទ្វេភាគី, កម្ពុជា និង ចិន បានខិតខំលើកកម្ពស់កិច្ចសហ ប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី (២០២៤- ២០២៨)»

 សម្តេចតេជោ ហ៊ុន សែន ខ្ញុំជឿជាក់ថាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន នេះនឹងបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើមនានាសម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាកិច្ចបញ្ចប់សម្តេចតេជោ សូមជូនពរឱ្យ «កិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម»នេះប្រព្រឹត្តទៅដោយជោគជ័យ៕