វ៉ាស៊ីនតុន៖ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន HP (Hewlett-Packard) ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននៅលើពិភពលោក។
កិច្ចជំនួបនេះបានផ្តោតលើការចងភ្ជាប់វិស័យបច្ចេកវិទ្យារបស់កម្ពុជា ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកលរបស់ HP និងការជំរុញយុគសម័យឌីជីថលនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូននូវកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់ការវិនិយោគលើការផលិតគ្រឿងបង្គុំអេឡិចត្រូនិក ការដំឡើងផលិតផល IT និងឧស្សាហកម្មឌីជីថល ដែលជាវិស័យអាទិភាពរបស់ HP។
ដោយយោងទៅលើកត្តាអំណោយផលជាច្រើនរបស់កម្ពុជា ដូចជា ប្រជាជនវ័យក្មេង មានភាពឆ្លាតវៃ និងចាប់យកបច្ចេកវិទ្យាថ្មីៗបានលឿន លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យ HP ពិចារណាបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
ថ្នាក់ដឹកនាំក្រុមហ៊ុន HP បានសម្តែងការចាប់អារម្មណ៍ខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល។ HP បានយល់ស្របថា “ការធ្វើពិពិធកម្មទីតាំងផលិតកម្មគឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ភាពបត់បែន និងប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់”។
កិច្ចជំនួបនេះបានបើកទំព័រថ្មីសម្រាប់កម្ពុជា ក្នុងការក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិដែលអាចជួយលើកកម្ពស់កម្រិតជីវភាព និងសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសក្នុងតំបន់ និងជំរុញគោលនយោបាយរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថលផងដែរ៕






