ចិន៖ លោក គីម វីរៈ អគ្គលេខាធិការគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន (BRIDRREM) ឆ្នាំ២០២៥។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ទី ៧ ខែវិច្ឆិកា នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក វ៉ាង ឈាងឈី (Wang Xiangxi) រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្ន ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ពីប្រទេសជាសមាជិក និងដៃគូរបស់ BRIDRREM, អង្គការអន្តរជាតិថ្នាក់តំបន់ និងតំណាងក្រសួងស្ថាប័នសំខាន់ៗក្នុងស្រុក សរុបចំនួន ១៩០ នាក់។
ចំពោះគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែក៖ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងសុវត្ថិភាពនៅកន្លែងការងារ, ការសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយ និងការទប់ស្កាត់ ការត្រៀមរៀបចំ ការឆ្លើយតប និងការស្ថារឡើងវិញក្រោយគ្រោះមហន្តរាយ។
ការចូលរួមរបស់កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយសហគមន៍អន្តរជាតិ ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការពារជីវិតប្រជាជននៅតំបន់៕





