2023-09-18 09:43
514

លីប៊ី៖ ក្រុមជួយអ្នកសង្គ្រោះអន្តរជាតិ នៅក្នុងប្រទេសលីប៊ី កំពុងអំពាវនាវឱ្យមានជំនួយបន្ថែមទៀត ដើម្បីទាញយកសាកសពជនរងគ្រោះដែលបានស្លាប់នៅក្នុងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ទីក្រុង Derna ភាគខាងកើតដោយបានសម្លាប់មនុស្សរាប់ពាន់នាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌ CNN នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ 

ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ ក្រុមជួយសង្គ្រោះ ជាច្រើនបាននិយាយថា «សាកសពជនរងគ្រោះភាគច្រើន ស្ថិតនៅក្នុងទឹក និងសាកសពមួយចំនួនទៀត នៅក្នុងតំបន់ពិបាកទៅដល់ត្រូវប្រើឧបករណ៍ពិសេសប៉ុណ្ណោះ»។ 

អ្នកតំណាង នៃបេសកកម្មទុយនីស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងជាមួយសមភាគីរបស់គាត់មកពីបណ្តាប្រទេសអារ៉ាប់ រុស្ស៊ី ទួរគី និងអ៊ីតាលីនៅ Derna ថា «សាកសពកំពុងរលួយយ៉ាងធ្ងន់ធ្ងរហើយនៅពេលណាមួយការយកសាកសពមកវិញប្រហែលជាមិនអាចទៅរួចនោះទេ»។ លោកបានបន្ថែមថា «យើងត្រូវការជំនួយ ដូច្នេះការធ្វើអន្តរាគមន៍របស់យើងនឹងកាន់តែមានប្រសិទ្ធភាព»។ 

អ្នកតំណាងបេសកកម្មមកពី UAE អេហ្ស៊ីប និងអាល់ហ្សេរី បានពិពណ៌នាអំពីការរកឃើញសាកសពនៅក្នុងឆ្នេរសមុទ្រ និងគម្របសមុទ្រ នៅមេឌីទែរ៉ាណេ នៅក្នុងតំបន់នោះអាចចូលបានដោយទូកពិសេសប៉ុណ្ណោះ។ ចំណែកអ្នកតំណាងជនជាតិអាល់ហ្សេរី បាននិយាយថា «ក្រុមរបស់គាត់បានប្រទះឃើញសាកសពប្រហែល ៥០នាក់ពីច្រាំងថ្មចោទប្រហែល ៧ម៉ាយក្នុងសមុទ្រពីកំពង់ផែ Derna ប៉ុន្តែតំបន់នេះ គឺអាចចូលបានដោយអ្នកមុជទឹក និងទូកប៉ុណ្ណោះ»។

តំណាងអេហ្ស៊ីប បាននិយាយទៀតថា «ប្រសិនបើយើងទទួលបានទូកត្រឹមត្រូវ យើងអាចយកសាកសពបាន ១០០នាក់ជារៀងរាល់ថ្ងៃ។ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបំផ្លិចបំផ្លាញ នៅតំបន់ Derna នៅតែមិនច្បាស់លាស់នៅឡើយ»។

យោងតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា តួលេខអ្នកស្លាប់ដោយព្យុះនេះ បានកើនឡើងដល់យ៉ាងហោចណាស់ ចំនួន ១១,៣០០នាក់ ខណៈបាត់ខ្លួន ចំនួន ១០,១០០នាក់។ ប៉ុន្តែរបាយការណ៍នេះ ត្រូវបានអាជ្ញាធរប្រទេសលីប៊ី បានច្រានចោលកាលពីថ្ងៃអាទិត្យ។

ក្រសួងសុខាភិបាល នៃរដ្ឋាភិបាលភាគខាងកើតនៃប្រទេសលីប៊ី បានរាយការណ៍ថា «ខ្លួនបានកត់ត្រាអ្នកស្លាប់មានចំនួន ៣,២៥២នាក់ នៅក្នុងទីក្រុង Derna មកទល់ពេលនេះ ជាតួលេខរបស់ក្រសួងសុខាភិបាលបានចងក្រងឯកសារសាកសពដែលយកមកកប់ ហើយចំនួនអ្នកស្លាប់ក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ គឺមិនត្រឹមត្រូវទេ»។

ចំពោះស្ថានភាពនេះ អង្គការសហប្រជាជាតិបាននិយាយបញ្ជាក់ថា «ពេលនេះខ្លួនកំពុងដកស្រង់ទិន្នន័យពីអឌ្ឍចន្ទក្រហមនៃប្រទេសលីប៊ីផងដែរ»៕