2023-09-18 09:50
494

អៀរឡង់៖ និយតករសហភាពអឺរ៉ុប បានធ្វើការផាកពិនិន័យទៅលើក្រុម «TikTok» របស់ចិននូវទឹកប្រាក់ចំនួន ៣៤៥លានអឺរ៉ូ ឬប្រមាណ ៣៦៩លានដុល្លារអាមេរិក ជុំវិញការបំពានទិន្នន័យកុមារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌ BBC នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ពាក្យបណ្តឹងនេះទាក់ទងនឹងរបៀបដែលកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់គ្រងទិន្នន័យរបស់កុមារក្នុងឆ្នាំ២០២០ ជាពិសេសជុំវិញការផ្ទៀងផ្ទាត់អាយុ និងការកំណត់ឯកជនភាព ដែលជាការផាកពិន័យដ៏ធំបំផុតសម្រាប់ក្រុមហ៊ុន «TikTok»។

អ្នកនាំពាក្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា «ខ្លួនមិនយល់ស្របដោយគោរពចំពោះការសម្រេចចិត្តនេះ ជាពិសេសកម្រិតនៃការផាកពិន័យ»។ ដោយពួកគេបាននិយាយថា «ការរិះគន់ គឺផ្តោតលើលក្ខណៈពិសេស និងការកំណត់ដែលមានកាលពី ០៣ឆ្នាំមុន ហើយយើងបានធ្វើការផ្លាស់ប្តូរយ៉ាងល្អ មុនពេលការស៊ើបអង្កេតបានចាប់ផ្តើម ដូចជាការកំណត់គណនីទាំងអស់ដែលមានអាយុក្រោម ១៦ឆ្នាំទៅជាឯកជនតាមលំនាំដើម»។

ចំពោះការផាកពិន័យនេះ ត្រូវបានចេញដោយគណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ (DPC) ក្រោមច្បាប់ស្តីពីឯកជនភាពទូទៅ នៃបទប្បញ្ញត្តិការពារទិន្នន័យ (GDPR) របស់សហភាពអឺរ៉ុប GDPR កំណត់ច្បាប់ដែលក្រុមហ៊ុនត្រូវអនុវត្តតាមនៅពេលគ្រប់គ្រងទិន្នន័យ បានរកឃើញថា TikTok មិនមានតម្លាភាពគ្រប់គ្រាន់ជាមួយកុមារអំពីការកំណត់ឯកជនភាពរបស់វាហើយបានចោទជាសំណួរអំពីរបៀបដែលទិន្នន័យរបស់ពួកគេត្រូវបានដំណើរការ។

លោកស្រី Helen Dixon ស្នងការការពារទិន្នន័យ បានប្រាប់ BBC ថា «ការស៊ើបអង្កេតក៏បានរកឃើញថាគណនីដែលធ្វើឡើងដោយអ្នកដែលមានអាយុចន្លោះពី ១៣ទៅ១៧ឆ្នាំ ត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមលំនាំដើមនៅលើការចុះឈ្មោះ មានន័យថាខ្លឹមសារដែលពួកគេបង្ហោះ គឺអាចមើលឃើញដោយអ្នកដទៃផ្សេងទៀត»។ លោកស្រី Dixon បាននិយាយថា «នោះពិតជានៅក្នុងដៃរបស់ក្រុមហ៊ុន TikTok ដោយសារតែវិធីដែលពួកគេរចនាវេទិកាហើយយើងនិយាយថាបានរំលោភលើការការពារទិន្នន័យដោយការរចនា និងតាមតម្រូវការលំនាំដើមនៃ GDPR»។


មន្រ្តីឃ្លាំមើលបានទុកពេល ៣ខែដល់ TikTok ដើម្បីនាំយកដំណើរការរបស់ខ្លួនឱ្យស្របតាមច្បាប់វិញ។ TikTok ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance កំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវវ័យ ដោយមានអ្នកប្រើប្រាស់ប្រហែល ១៥០លាននាក់នៅសហរដ្ឋអាមេរិក និង ១៣៤លាននាក់នៅក្នុងសហភាពអឺរ៉ុប។ ការស៊ើបអង្កេតដែលកំពុងដំណើរការថា តើ TikTok បានផ្ទេរទិន្នន័យដោយខុសច្បាប់ពី EU ទៅប្រទេសចិនដែរឬទេ?៕