2024-01-23 13:20
346

ព្រះសីហនុ៖ សេចក្តីរាយការណ៍បឋម ពីសមត្ថកិច្ចនគរបាល បានឲ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះរថយន្តមួយគ្រឿង ម៉ាក Mercedes-Benz រងការខូចខាតទាំងស្រុង តាមផ្លូវទៅអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈពេលកំពុងធ្វើចរាចរណ៍សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ប្រភពព័ត៌មាន បានឱ្យដឹងថា ករណីអគ្គិភួឆេះរថយន្តខាងលើ កើតឡើងនៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវស្ពានឆេះ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ ចំពោះរថយន្តរងគ្រោះ ជាស៊េរីទំនើបមួយគ្រឿង ម៉ាក Mercedes Benz ពាក់ស្លាកលេខ ភ្នំពេញ 2BN-5585។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ជួយបាញ់ទឹករលុតទាំងស្រុងបន្ទាប់ពីរថយន្តត្រូវភ្លើងឆេះអស់សល់តែគ្រោងឆ្អឹង និងមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ទេ ។

តាមសាក្សីបាននិយាយថា មុនពេលកើតហេតុ ឃើញរថយន្តរងគ្រោះធ្វើដំណើរតាមផ្លូវធម្មតា ប៉ុន្តែដល់កន្លែងកើតហេតុស្រាប់ផ្សែងហុយទ្រលោម និងមានអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅតែម្តង ៕