សៀមរាប៖ ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ «Angkor Ultra Trail» លើកទី៧ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយអាជ្ញាធរ និងដៃគូពាក់ព័ន្ធ បានប្រព្រឹត្តទៅជាផ្លូវការ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នេះ ដោយទាក់ទាញអ្នកចូលរួមលើសពីការរំពឹងទុក និងមានកំណើនច្រើន រហូតទៅដល់ ១,៧០០នាក់ មកពីជាង ៥០ប្រទេស និងគ្រប់ទ្វីបលើពិភពលោក ។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ គឺមាន ៦វិញ្ញាសា រួមមាន៖ រត់ចម្ងាយ ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ ៦៤គីឡូម៉ែត្រ និងចុងក្រោយ គឺវិញ្ញាសា Angkor Ultra Trail ចម្ងាយ ១០០គីឡូម៉ែត្រ។ សម្រាប់វិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ គ្រោងរត់ពេញ ១ថ្ងៃ បន្ទាប់ពីចេញដំណើរកាលពីម៉ោង ៤ទៀបភ្លឺ នៅព្រលានជល់ដំរី គ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃដដែលនេះ ដោយរត់ទាំងយប់-ថ្ងៃ និងរត់កាត់ព្រៃប្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់កាត់តាមប្រាសាទបុរាណជាច្រើន នៅតំបន់ឧទ្យានអង្គរ ។
សម្រាប់ពិធីប្រគល់រង្វាន់ជយលាភី នៃទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ «Angkor Ultra Trail» លើកទី៧ នឹងរៀបចំនៅបរិវេណព្រះលានជល់ដំរីនាល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)៕