2024-01-31 17:01
464

កីឡាការិនី ស៊ីន ស័ងវ៉ី សញ្ជាតិ ចិន (Xin Shuang Wei ) បានសំដែង ក្ដីរំភើបរីករាយ ចំពោះបទពិសោធន៍ការរត់លើកដំបូងក្នុងទឹកដីអង្គរ នៃព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trailឆ្នាំ២០២៤ ដែលមានអត្តពលិកជាតិ និង អន្តរជាតិ ប្រមាណ១៥០០ មកពីប្រទេសចំនួន ៤៥ ចូលរួម។

តាមដងផ្លូវ ដែលអត្តពលិក បានឆ្លងកាត់ក្នុងព្រឹត្តិការណ៍នេះ  មានទេសភាព និង ប្រាសាទបុរាណ ជាច្រើន នៅក្នុងបរិវេណតំបន់អង្គរ បានដក់ជាប់ក្នុងអារម្មណ៍របស់កីឡាការិនីស៊ីន ស័ងវ៉ី (Xin Shuang Wei) ក្រោយរូបនាងបានរត់កាត់តាមភូមិអ្នកស្រុក វាលស្រែ ចំការ ជាពិសេសនៅក្នុងព្រៃធម្មជាតិតំបន់អង្គរ និងឆ្លងកាត់តាមប្រាសាទជាច្រើន ។ កញ្ញា ស៊ី ស័ងវ៉ី (Xin Shuang Wei ) បាននិយាយថា អត្តពលិកលើពិភពលោក គួរមកសាកល្បងរត់ចម្ងាយ លើទឹកដីអង្គរ ដែលមានទេសភាព ដ៏ស្រស់បំព្រង។

សូមជម្រាបជូនថា កីឡាការិនីចិនរូបនេះ បានមកដល់ទីផ្តាច់ព្រ័ត្រមុនគេ លើវិញ្ញាសារត់ ចម្ងាយ ១០០គីឡូម៉ែត្រផ្នែកនារី  កាលពី ថ្ងៃទី២៧ ខែមករា ដោយទទួលបានចំណាត់ថ្នាក់លេខ ១ ប្រើថេរវេលា ១១ម៉ោង ៥១នាទី និង ១៣វិនាទី  ខណៈ វិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ ផ្នែកបុរសចំណាត់ថ្នាក់លេខ១  បានទៅកីឡាករ នី យួហេង  (Ni Yueheng) មកពីប្រទេសចិន ដូចគ្នា ប្រើថេរវេលា ៩ម៉ោង ១៤នាទី និង១៧វិនាទី។ ក្នុងព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trailឆ្នាំ២០២៤ ក្រៅពីវិញ្ញាសារត់១០០គីឡូម៉ែត្រ ក៏មានការប្រកួត លើវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រផង        ដែរ ៕