ក្រសួងការបរទេស បានឱ្យដឹងថា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-សហភាពអឺរ៉ុប លើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ រយៈពេល០២ថ្ងៃកន្លងទៅនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក តបតាមការអញ្ជើញរបស់ លោក ចូសិប បូវែរែល ហ្វុនតេល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុ ប្រធានគណៈកម្មការអឺរ៉ុប។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញនូវសមិទ្ធផលសំខាន់ៗដែលប្រកបដោយខ្លឹមសារនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប កាលពីឆ្នាំ២០២២កន្លងទៅ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប បានអះអាងជាថ្មីនូវគុណតម្លៃនិងផលប្រយោជន៍រួមក្នុងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ក្នុងរយៈកាល ៤៧ឆ្នាំ កន្លងមក និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧) និងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុបបានទទួលស្គាល់ថា តំបន់ទាំងពីរផ្តល់នូវកាលានុវត្តភាព នៃកំណើន និងសក្កានុពលដ៏ប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភសហគមន៍ទាំងបីរបស់អាស៊ាន ដែលត្រូវបានចង្អុលបង្ហាញដោយភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហភាពអឺរ៉ុប ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម ព្រមទាំងបានអនុម័តសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប៕