កណ្តាល៖ ពិតជារឿងហួលថ្លែងបំផុត! ស្ត្រីជាម្តាយចិត្តតិរិច្ឆានម្នាក់ ដែលប្រើប្រាស់នូវសាធាតុញៀន លើដៃសម្លាប់កូនបង្កើតទើបតែអាយុ ១៨ខែ ព្រោះតែខឹងយំខ្លាំងលួងមិនបាត់ បានធ្វើសកម្មភាពទះចំនួន ០២ដៃ យកហើយចាប់បោកផ្ទប់នឹងគ្រែ និងយកដៃខ្ទប់ច្រមុះរួចដាក់ក្នុងអង្រឹងចោលក្រោមផ្ទះបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ករណីអំពើឃាតកម្ម ម្តាយបង្កើតសម្លាប់កូនខាងលើ កើតឡើងនៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ វេលាម៉ោង ១៨និង១០នាទី នៅចំណុច ស្ថិតនៅភូមិចុងកោះថ្មី ឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗ មានឈ្មោះ មឿន ណាវឿន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុត្រូវជាម្តាយ លទ្ធផលធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមលទ្ធផល (វិជ្ជមាន)។
នគរបាលបានឱ្យដឹថថា ជនរងគ្រោះមាន ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ១៨ខែ រស់នៅភូមិ-ឃុំកើតហេតុខាងលើត្រូវជាកូនដេកស្លាប់នៅក្នុងអង្រឹងក្រោមផ្ទះមានសភាពទន់ខ្លួន និងមានស្នាមជាំនៅលើថ្ពាល់ខាងឆ្វេង ហើយ និងមានឈាមហូរចេញតាមមាត់ និងមានស្នាមជាំនៅគុមត្រចៀកខាងស្តាំ។
សភាពរឿងហេតុៈ មុនពេលកើតហេតុជនសង្ស័យឈ្មោះ មឿន ណាវឿន ត្រូវជាម្តាយបានខឹងកូនតូចឈ្មោះ មឿន បញ្ញា វាស្រែកយំខ្លាំងពេកក៍បានទះកូន ចំនួន ០២កំភ្លៀង ហើយបានបោចសក់ក្បាលកូនតូចបោកទៅលើគ្រែក្រោមផ្ទះមួយទំហឹងបណ្តាលឱ្យកូនប្រុសតូចនោះសន្លប់បាត់មាត់ឈឹងនៅលើគ្រែ។ បន្ទាប់មកដោយភ័យខ្លាចកូនស្លាប់ក៍បានលើកបីកូនតូចដើរចេញមកផ្លូវលំ ដើម្បីឱ្យអ្នកជិតខាងជួយមើល ប៉ុន្តែមិនមានអ្នកណាមកជួយសង្រោះនោះទេ ដោយឃើញកូនតូចមានសភាពទន់ខ្លួនជិតដាច់ខ្យល់ស្លាប់ក៍បានយកកូនតូចនោះលើកដាក់ចូលក្នុងអង្រឹងក្រោមផ្ទះហើយបានដើរគេចខ្លួនចេញទៅបាត់។
លុះមួយសន្ទុះក្រោយមកម្តាយជនសង្ស័យឈ្មោះ ញឹម សៅ គាត់បានត្រឡប់មកពីស៊ីឈ្នួលកាប់ជីឱ្យគេនៅពេលមកដល់ក្រោមផ្ទះបានឃើញចៅប្រុសឈ្មោះ មឿន បញ្ញា ដេកនៅក្នុងអង្រឹងក្រោមផ្ទះបាត់មាត់បាត់កឈឹងក៏បានស្រែកហៅប្តីឈ្មោះ ភឿន មឿន ឱ្យជួយដឹកចៅយកទៅពេទ្យឯកជនក្នុងភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ នៅពេលទៅដល់ជួបលោកគ្រូពេទ្យពិនិត្យមើលទើបដឹងថាចៅប្រុសតូចនោះបានស្លាប់បាត់ទៅហើយ។ ក្រោយមកគាត់ទាំងពីរនាក់ប្តី-ប្រពន្ធ គាត់បានចូលមករាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ (ក) អំពីរឿងហេតុដែលកើតឡើង ក្រោយពេលទទួលបានពត៍មានភ្លាមលោកមេប៉ុស្តិ៍ បានសុំគោលការណ៍ពីលោកអធិការ នគរបាលស្រុកកោះធំ ដើម្បីឱ្យផ្នែកជំនាញនគរបាលយុត្តិធម៌ និងផ្នែនបច្ចេកទេសស្រុកកោះធំ ចុះមកកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសពជនរងគ្រោះ ក្នុងករណីខាងលើនេះ។
ក្រោយការពិនិត្យសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាម្តាយបង្កើតសួរនាំ ហើយជនសង្ស័បានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពទះកំភ្លៀងកូនតូច ចំនួន ០២ដៃ និងចាប់បោចសក់ក្បាលកូនតូចបោកទៅលើគ្រែហើយបានយកដៃខ្ទប់ច្រមុះបណ្តាលឱ្យកូនដាច់ដង្ហើមស្លាប់ពិតប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យជាម្តាយត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសុំណុំរឿងតាមនិត្តិវិធីច្បាប់៕