2024-02-07 10:56
237

អភិបាលខេត្តកំពតបានបញ្ជាក់ថា អាជ្ញាធរ និងមន្ត្រីជំនាញ ជាអ្នកមុខការរៀបចំចេញបណ្ណកម្មសិទ្ធដីធ្លី ជូនពលរដ្ឋ ដូច្នេះគ្មានមន្ត្រី ឬបុគ្គលណាម្នាក់ មានសិទ្ធិទទួលយកប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរក្នុងការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនោះទេ។ ហើយក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ទទួលបានបណ្ណ តែអស់លុយរត់ការ សូមរាយការណ៍ប្រាប់មករដ្ឋបាលខេត្ត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណទុតិយតា) ជូនប្រជាពលរដ្ឋមកពី ៧ក្រុង-ស្រុកក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាល់ការចេញប័ណ្ណកម្មសិទ្ធ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺត្រូវការប្រើប្រាស់ពេលវេលា ព្រោះទី១.ត្រូវស្រាវជ្រាវរកម្ចាស់ពិតប្រាកដ ដែលមានការស្នើសុំ ទី២.តើមានការប្តឹងផ្តល់ដែរឬទេចំពោះការស្នើសុំ និងទី៣.ស្វែងរកអ្នកដែលរត់ការដែលប្រើប្រាស់រូបភាពយកប្រាក់ជាថ្នូរនឹងការចេញបណ្ណកម្មសិទ្ធ។ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ដំណើរការនៃការចេញបណ្ណនេះ គឺអាជ្ញាធរខេត្ត និងមន្ទីរជំនាញបានធ្វើការជូនបងប្អូនប្រជាពលរដ្ឋតាមនីតិវិធី ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបមន្ត្រី ឬបុគ្គលណាម្នាក់ថាចេញមុខរត់ការ និងយកកម្រៃពីបងប្អូនជាថ្នូរនៃការចេញបណ្ណនេះ សូមទំនាក់ទំនងមកកាន់ឯកឧត្តមផ្ទាល់ ព្រោះអ្នករត់ការគ្មានសិទ្ធក្នុងការទទួលយកប្រាក់កម្រៃពីបងប្អូនប្រជាពលរដ្ឋនោះឡើយ ហើយហាមដាច់ខាតមិនឱ្យមានមន្ត្រី ឬបុគ្គលណាមួយចេញមុខ រត់ការលើការចេញបណ្ណនោះឡើយ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលបានមកទទួលយកនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណទុតិយតា) បានសំដែងនូវចិត្តសប្បាយរីករាយ ដែលបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្តបានយកចិត្តទុកដាក់ និងគិតគូរពីតម្រូវការក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណទុតិយតា) ឱ្យពួកគាត់នាពេលនេះ។

ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណទុតិយតា) ជូនបងប្អូនប្រជាពលរដ្ឋ មកពី ៧ក្រុង-ស្រុកក្នុងខេត្តកំពត មានចំនួន ៩៦បណ្ណ ក្នុងនោះ ស្រុកទឹកឈូមានចំនួន ៣បណ្ណ, ស្រុកឈូកមានចំនួន ១៦បណ្ណ, ស្រុកជុំគិរីមានចំនួន ២៩បណ្ណ, ក្រុងកំពតមានចំនួន៣បណ្ណ, ស្រុកកំពង់ត្រាចមានចំនួន ១៥បណ្ណ, ស្រុកអង្គរជ័យមានចំនួន ២២បណ្ណ និងស្រុកបន្ទាយមាសមានចំនួន ៨បណ្ណ ដែលការស្នើសុំចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណទុតិយតា) ពីពលរដ្ឋភាគច្រើនបានបាត់ និងមានការខូចខាតដោយប្រការផ្សេងៗ៕