ភ្នំពេញ៖ ម្ចាស់ជយលាភីការរចនាប្លង់គំនូរ និងជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ លីមកុកវីង លោក ហោ មណីឬទ្ធ បានពន្យល់ថា៖ ការរំលេចឈ្មោះ «ពហុកីឡដ្ឋានជាតិ» ជាអក្សរពណ៌ស នៅចំផ្នែកកណ្ដាលនៃពណ៌ក្រហម និងពណ៌ខៀវ លាយបញ្ចូលគ្នានេះ គឺជាពណ៌តំណាងឱ្យទង់ជាតិប្រទេសកម្ពុជា»។
ចំណែកពុម្ភអក្សរ ដែលបានយកមកប្រើប្រាស់សម្រាប់រៀបកៅអីចេញជាឈ្មោះ «ពហុកីឡដ្ឋានជាតិ» នេះ ត្រូវបានលោក ហោ មណីឬទ្ធ បញ្ជាក់ថា «ជាពុម្ពអក្សរ ដែលបានរៀបចំឡើងតំណាងឱ្យអក្សរបាលី នៅក្នុងភាសាខ្មែរ ដោយបានរចនាឡើងជាពិសេស សម្រាប់បកប្រែអក្សរបាលីជាប្រព័ន្ធអក្សរខ្មែរ ហើយជាពុម្ពអក្សរបាលី ដែលអាចអានបាន និងជាទូទៅមាននៅក្នុងសាស្ត្រាស្លឹករឹត និងអក្សរសិល្ប៍ពាក់ព័ន្ធ»។
និស្សិតវ័យ២០ឆ្នាំរូបនេះ បានបន្ថែមថា៖ «ចំពោះលំនាំក្បាច់ផ្កាចន្ទន៍ពណ៌ស ដែលបានរចនាឡើងទាំងសងខាងនៃពហុកីឡដ្ឋាន គឺដើម្បីបង្ហាញពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ហើយការប្រើប្រាស់ផ្កាចន្ទន៍នេះ មានជាទូទៅក្នុងទម្រង់សិល្បៈផ្សេងៗ រួមទាំងស្ថាបត្យកម្ម វាយនភណ្ឌ និងសិប្បកម្ម ដែលឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ និងការបង្ហាញសិល្បៈដ៏ជ្រាលជ្រៅរបស់ប្រទេសកម្ពុជា»៕