2024-02-07 16:27
367

នៅក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ចំនួន ៣.៧៧៤ក្បាលដី ថ្ងៃទី០៧ ខែកុម្ភៈ  ឆ្នាំ២០២៤ លោកពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានជំរុញការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធឱ្យចប់សព្វគ្រប់នៅ               ទូទាំងប្រទេសត្រឹម ឆ្នាំ២០២៧ខាងមុខនេះ។

ជាមួយគ្នានោះដែរលោកពឹង រតនៈបានលើកឡើងថានីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មាន៥ដំណាក់កាល ទី១.ការកំណត់ តំបន់ធ្វើការវិនិច្ឆ័យការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងនឹងកិច្ចប្រជុំផ្សព្វផ្សាយដំណើរការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ។ទី២.ការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។ ទី៣. បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឲ្យម្ចាស់ដីនិងអ្នកដែលពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ា ក្នុងដីមានការខុសឆ្គង។ ទី៤.សម្រេចលើឯក សារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មការរដ្ឋបាលជូនអភិបាលរាជធានី  ដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់ ចំពោះក្បាលដីណាដែលមិនមានទំនាស់ និងមិនពាក់ព័ន្ធនឹងដីរដ្ឋនិងទី៥. ចុះបញ្ជីចេញប័ណ្ណជូន            ម្ចាស់ដី។ 

លោក បានសង្កត់ធ្ងន់ថា៖ការចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ និងមិនអាចធ្វើការចុះបញ្ជីដីបានទេ រាល់ការចូលកាន់កាប់ មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមិនស្របតាម មាត្រា ១៧ មាត្រា ១៨ និងមាត្រា ១៩ នៃច្បាប់ភូមិបាលជាបទល្មើសព្រហ្មទណ្ឌ។ ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពី ៥០ម៉ឺនរៀល ដល់៣លានរៀល និងដាក់ពន្ធនាគារ ពី១ខែ ដល់៦ខែ។

លោក ស្មាស់ រិទ្ធី អភិបាលរងខណ្ឌឫស្សីកែវ បានថ្លែងថា  ប្រជាពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យ ត្រូវទៅចុះបញ្ជីដោយខ្លួនឯង មិនត្រូវឲ្យអ្នកដទៃ ទៅចុះឈ្មោះ ឬដាក់ឈ្មោះជំនួសទេ ដើម្បីជៀសវាងវិវាទកើតឡើងនៅថ្ងៃក្រោយ។ ដូច្នេះករណីនេះ ទាមទារឲ្យមានភាពច្បាស់ លាស់ទាំងប្រជាពលរដ្ឋ និង អាជ្ញាធរជាអ្នកចុះបញ្ជី កុំឲ្យមានពាក្យថា ខាងអាជ្ញាធរឃុបឃិត ចុះបញ្ជីឲ្យអ្នកនេះ ឬអ្នកនោះ។ 

លោក ថា៖ ឯកសារពាក់ព័ន្ធសំខាន់ណាស់ ដូចជា អត្តសញ្ញាណម្ចាស់កម្មសិទ្ធិ មានប័ណ្ណកម្មសិទ្ធិចាស់ លិខិតផ្ទេរសិទ្ធិ លិខិតកាន់កាប់ ប័ណ្ណស្លាបមាន់ក្តី ឬលិខិតបញ្ជាក់ប្រវត្តិដី ដែលចំណុចនេះ ក៏ទាមទារឲ្យមានការពិនិត្យឯកសារឲ្យបានម៉ត់ចត់ និងស្នើសុំឲ្យអាជ្ញាធរដែនដី ជួយសម្រួលឯកសារបញ្ជាក់នេះ ជូនដល់ប្រជាពលរដ្ឋគ្រប់គ្នាដែលទៅពឹងពាក់ ។ ចំពោះ ឯកសារពាក់ព័ន្ធផ្សេងៗ ត្រូវតែថតចម្លង ដោយធ្វើការបញ្ជាក់ឲ្យបានត្រឹមត្រូវ ជៀសវាង ការខុសឈ្មោះ ខុសអាស័យដ្ឋាន ហើយទ្រព្យសម្បត្តិវិញ ក៏ត្រូវបញ្ជាក់ឲ្យច្បាស់ថា ទ្រព្យណាជាទ្រព្យរួម ទ្រព្យណាជាទ្រព្យដោយឡែក ត្រូវបញ្ជាក់ឲ្យច្បាស់ បើមិនដូច្នោះទេ អាចនឹងមានបញ្ហា ពីព្រោះធ្លាប់មានបញ្ហានេះកើតឡើងរួចមកហើយ ៕