ការបែកញើសគឺជាបាតុភូតសរីរវិទ្យាធម្មតាមួយ ដែលវាកើតឡើងនៅពេលរាងកាយទទួលកម្តៅ ឬកំពុងសកម្ម។ ប៉ុន្តែប្រសិនវាកើតមាននូវអាការៈចម្លែក ដោយបែកញើសញឹកញាប់តែត្រង់ផ្នែក ៤ នេះ នៃរាងកាយ នោះវាជាសញ្ញាព្រមានពីបញ្ហាសុខភាពទៅវិញ ហើយអ្នកគួរតែប្រញាប់ទៅរកពេទ្យពិគ្រោះយោបល់ជាបន្ទាន់៖
១) បែកញើសនៅកញ្ចឹងក
ជាធម្មតាការបែកញើសខ្លាំងតែលើផ្នែកកញ្ចឹងក វាជាសញ្ញាព្រមានពីជាតិស្ករក្នុងឈាមចុះទាប។ ជាទូទៅអ្នកជំងឺទឹកនោមផ្អែម ច្រើនតែមានបញ្ហាកង្វះជាតិស្ករក្នុងឈាម នោះក៏ដោយសារមុខងារលំពែងរបស់ពួកគេដំណើរការលែងបានល្អដូចមុន ហើយអ្នកត្រូវតែប្រញាប់ដោះស្រាយដោយរកអ្នកជំនាញពិគ្រោះយោបល់លើបញ្ហានេះ។
អ្នកអាចសង្កេតមើលបាន អាការៈនៅពេលបែកញើសច្រើននៅផ្នែកក្រោយកញ្ចឹងក វាក៏នាំឲ្យអ្នកឆាប់ស្លន់ ឆាប់ភិតភ័យ ហើយចុះខ្សោយលឿនមួយរំពេច។
២) ពាក់កណ្ដាលរាងកាយបែកញើស ពាក់កណ្ដាលរាងកាយស្ងួត
នេះជាសញ្ញាគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចវិវត្តទៅរកជំងឺ Hemiplegia ក៏ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល។ ប្រសិនណាវាមានអាការៈបែកញើសបែបហ្នឹង ហើយវិលមុខ ឈឺក្បាល ក្អួតចង្អោរដល់សន្លប់ អ្នកត្រូវតែប្រញាប់ទៅរកពេទ្យជាបន្ទាន់ ជៀសវាងការប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត៕
៣) បែកញើសដៃនិងជើងច្រើន
អ្នកដែលឧស្សាហ៍បែកញើសដៃនិងជើងខុសប្រក្រតី នោះមកពីអ្នកទទួលទានហួសប្រមាណនូវអាហារដែលមានជាតិផ្អែម ក៏ដូចជាភេសជ្ជៈ និងគ្រឿងស្រវឹង។ ជាការល្អ អ្នកគួរទម្លាប់មកទទួលទានឲ្យបានច្រើននូវគ្រាប់សណ្ដែក និង តែបៃតងវិញ។
យ៉ាងណានៅពេលដែលអ្នកមានសភាពគ្រុនក្ដៅ ឬរាងកាយខ្សោះជាតិទឹកក៏ងាយនឹងធ្វើឲ្យបែកញើសដៃផងដែរ។
៤ ) ក្បាលបែកញើសច្រើន
ជាទូទៅការបែកញើសខ្លាំងនៅផ្នែកក្បាល វារមែងកើតឡើងពេលដែលអ្នកកំពុងទទួលទានរបស់ហឹរឬក្ដៅអ្វីមួយជាបន្តបន្ទាប់ ជួនខ្លះទៅ អាចថាពេលអ្នកស្ថិតនៅកន្លែងហប់ខ្យល់ណាមួយ។
ការដែលអ្នកបន្តស្ថានភាពបែបនេះ វាអាចឲ្យអ្នកវិវត្តទៅរកជំងឺផ្ដាសាយ គ្រុនក្ដៅ និងជំងឺមួយចំនួនផ្សេងទៀត។ អ្នកគួរតែកំណត់បរិមាណបរិភោគឲ្យបានសមរម្យ និងទទួលទានទឹកឲ្យបានច្រើន ហើយកាត់បន្ថយអាហារប្រៃនិងហឹរ។