2024-02-13 14:13
380

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងារស្នូលធំបំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ការធ្វើកំណែទម្រង់ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើបខ្ពស់ ខ្លាំង វៃ ឆ្លាត និងស្អាតស្អំ។

នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសួងអធិការកិច្ច» នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ ស្នូលធំបំផុតនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺអភិបាលកិច្ច ដែលមានន័យថា «រៀបចំផ្ទះខ្លួនយើងអោយស្អាត មុនចេញទៅមើលផ្ទះគេ រៀបចំផ្ទះយើងអោយស្អាតទើបមានផាសុកភាពល្អ ទើបយើងអាចធ្វើការងារបម្រើប្រជាជនបានល្អ»។ 
សម្ដេចបញ្ជាក់ថា «ទស្សនៈនេះត្រូវតែធ្វើបន្ត ហើយកិច្ចការពីមួយអាណត្តិទៅមួយអាណត្តិ គឺយើងបានធ្វើជាបន្តបន្ទាប់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» គឺបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលនៅក្នុងការសម្រួចភារកិច្ចរបស់ក្រសួងអធិការកិច្ច ដើម្បីដើរតួនាទីកាន់តែសកម្ម ក្នុងការធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចការអភិបាលកិច្ចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា « ការកែទម្រង់អធិការកិច្ច និងស្ថាប័នរបស់ជាតិជាកិច្ចការសំខាន់ ការងារតាមដានត្រួតពិនិត្យ គឺជាគោលការណ៍ស្នូលសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលគោលការណ៍ស្នូល គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន្ថរដ្ឋអោយក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ»៕