2024-02-20 15:13
350

រាជធានីកង់បេរ៉ា៖ ស្របពេលស្ថានភាពភូមិសាស្រ្ដនយោបាយកាន់តែតានតឹងនោះ រដ្ឋាភិបាលក្រុងកង់បេរ៉ា បានដាក់ចេញផែនការ ចំណាយថវិកាដ៏ច្រើនមហាសាល សម្រាប់ទិញនាវាចម្បាំងកាន់តែច្រើនឡើង ដើម្បីបង្កើតកងទ័ពជើងទឹកដ៏ធំបំផុតរបស់អូស្រ្ដាលី។

ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា អូស្ដ្រាលី កាលពីថ្ងៃអង្គារ (ទី២០ ខែកុម្ភៈ) បានដាក់ចេញផែនការ រយៈពេល១០ឆ្នាំ សម្រាប់ការបង្កើនចំនួននាវាចម្បាំង កើនឡើងទ្វេដង ជាមួយការបង្កើនកញ្ចប់ថវិកា លើវិស័យយោធាចំនួន៧ពាន់លានដុល្លារ បន្ថែមពីលើកញ្ចប់ថវិកាដែលមានស្រាប់។ សកម្មភាពបែបនេះ កំពុងតែបង្ហាញ អំពីការរត់ប្រណាំងគ្រឿងសព្វាអាវុធ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ 

បើតាមគម្រោងថ្មីនេះ រដ្ឋាភិបាលក្រុងកង់បេរ៉ា នឹងបង្កើនចំនួននាវាចម្បាំងរបស់កងទ័ពជើងទឹករបស់អូស្រ្ដាលី រហូតដល់ចំនួន២៦គ្រឿង ខណៈបច្ចុប្បន្ន មានចំនួន១១គ្រឿង។ ស្របគ្នានេះដែរ លោក រីកឆាត ម៉ាឡេស (Richard Marles) រដ្ឋមន្រ្ដីក្រសួងការពារជាតិអូស្រ្ដាលី បានចាត់ទុក ថា នេះជាកងនាវាចម្បាំងដ៏ធំបំផុតរបស់អូស្រ្តាលី ចាប់តាំងពីចុងបញ្ចប់ នៃសង្រ្គាមលោកលើកទី២រហូតមក។

ប្រទេសអូស្ត្រាលី គ្រោងនឹងផលិតនាវាចម្បាំងធុនធ្ងន់ ប្រភេទ Hunter ចំនួន៦គ្រឿង, នាវាចម្បាំងធម្មតា ចំនួន១១គ្រឿង និង នាវាចម្បាំងមិនចាំបាច់មាននាវិកបើក ឬ ដ្រូនសមុទ្រ ចំនួន៦គ្រឿង។ នៅក្នុងចំណោមនាវាចម្បាំងទាំងនេះ នឹងមាននាវាចម្បាំង មួយចំនួន នឹងត្រូវបំពាក់មីស៊ីល Tomahawk (តូម៉ាហក) មានសមត្ថភាពអាចបាញ់ នៅក្នុងរយៈចម្ងាយឆ្ងាយ ប្រឆាំងនឹងគោលដៅចូលយ៉ាងជ្រៅ នៅក្នុងទឹកដីរបស់សត្រូវ។                 បើតាមផែនការនេះ គឺអូស្ត្រាលី នឹងបង្កើនកញ្ចប់ថវិការយោធា រហូតដល់ ២,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប ពោលគឺខ្ពស់ជាងផែនការកញ្ចប់ថវិកាយោធារបស់បណ្ដាប្រទេសសមាជិករបស់អង្គការណាតូ ដោយបានគោលដៅ បង្កើនត្រឹមតែ២ភាគរយ នៃផលិតផល នៅក្នុងស្រុកសរុបរបស់បណ្ដាប្រទេសនីមួយៗ៕