រដ្ឋធានីប៉េកាំង៖ ក្មេងស្រីខ្មែរម្នាក់ បានចាញ់បោកមេខ្យល់ នាំយកទៅលក់នៅក្នុងប្រទេសចិន ប៉ុន្ដែបន្ទាប់ពីមានអន្ដរាគមន៍ ពីសមត្ថកិច្ចកម្ពុជា អាជ្ញាធរចិនក៏បានធ្វើការស្រាវជ្រាវ និង បានរំដោះយុវតីរងគ្រោះ ចេញពីកន្លែងឃុំឃាំង កាលពីល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៤។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹង ថា កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០២៤ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ នាងធីដា បានបង្ហោះឃ្លីបវីដេអូមួយ ភ្ជាប់ជាមួយនឹងគណនីហ្វេសប៊ុក ឈ្មោះ លីណា ដោយមានខ្លឹមសា ថា «សូមជម្រាបសួរពុកម៉ែ បងប្អូន ខ្ញុំមានឈ្មោះ ភិផា អាយុ១៦ឆ្នាំ ជាអ្នកខេត្តត្បូងឃ្មុំ ឥឡូវហ្នឹង ខ្ញុំបានចាញ់បោកមេខ្យល់ នាំមកលក់ នៅប្រទេសចិន…។ ក្រោយទទួលបានព័ត៌មានបែបនេះ អាជ្ញាធរខេត្តត្បូងឃ្មុំ បានទាក់ទងជាបន្ទាន់ ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ រហូតឈានដល់ការរំដោះយុវតីរងគ្រោះខាងលើនេះតែម្តង។
យុវតីរងគ្រោះមានឈ្មោះ រុំ ភិផា អាយុ ១៦ ឆ្នាំ រស់នៅភូមិខ្សាច់ប្រឆេះក្រោម ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានអះអាងថា រូបនាងបានចាញ់បោកមេខ្យល់ តាមរយៈការសន្យា ជួយស្វែងរកការងារឲ្យធ្វើ នៅក្នុងប្រទេសចិន។ ប៉ុន្តែតាមការពិត មេខ្យល់បាននាំនាងមកឃុំឃាំង នៅក្នុងបន្ទប់មួយ នៅក្នុងប្រទេសចិន អស់រយៈពេល៦ខែមកហើយ។
បើយោងលោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានក្នុងស្រុក កាលពីព្រឹក ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ថា សមត្ថកិច្ចកម្ពុជា បានបញ្ជូនព័ត៌មាននេះ ទៅកាន់ក្រសួងការបរទេស ហើយក្រសួងការបរទេសកម្ពុជា បានបន្តផ្ដល់ព័ត៌មានទៅអគ្គកុងស៊ុល នៅប្រទេសចិន រីឯសមត្ថកិច្ចចិន ក៏បានចូលទៅដល់ទីតាំងបង្ខាំងក្មេងស្រីម្នាក់នេះនិងបាននាំនាងចេញពីទីតាំងនោះហើយ។
បច្ចុប្បន្ន ក្មេងស្រីរូបនេះ កំពុងស្ថិតនៅទីកន្លែងមានសុវត្ថិភាព ហើយរង់ចាំបន្តនីតិវិធី ជាមួយអគ្គកុងស៊ុលរបស់កម្ពុជា រីឯស្ថានភាពសុខភាពរបស់នាង មានភាពល្អប្រសើរ ជាធម្មតាទេ៕