ពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សរុបចំនួន ២៥០នាក់ បានបញ្ជូនមកដល់ខេត្តពោធិ៍សាត់ និងកំពុងបន្តដំណើរទៅកាន់ភូមិស្រុកវាលវែង ដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ដែនអភិរក្ស និងការពារធម្មជាតិក្នុងភូមិសាស្រ្តស្រុកវាលវែង ដោយបែងចែកជា ១០ក្រុមដែលសរុបកម្លាំងរួមប្រមាណ ៥០០នាក់ នឹងចាប់ផ្តើមបើកយុទ្ធនាការយ៉ាងក្តៅគគុកក្នុងរយៈពេល ១ខែ និងបន្តដូចភ្លៀងរលឹមមកដកដៃ។
នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៥០នាក់ បំពាក់ដោយមធ្យោបាយ និងសម្ភារៈគ្រប់គ្រាន់ បានមកដល់ខេត្តពោធិ៍សាត់ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ខូយ រីដា អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជកា មន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្តផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ចេញកម្លាំងកងរាជអាវុធហត្ថ ចំនួន ២៥០នាក់ បំដោយអាវុធ មធ្យោបាយ គ្រឿងចក្រ និងសម្ភារៈគ្រប់គ្រាន់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិសាត់ ដែលជាតំបន់ការអភិរក្ស ការពារធនធានធម្មជាតិ និងការពារសត្វព្រៃ។
ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា លោកឧត្តមសេនីយ៏ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំបញ្ជាមធ្យោបាយ គ្រឿងចក្រ គ្រឿងបំពាក់ និងកម្លាំងកងអន្តរាគមន៏កងរាជអាវុធហត្ថ ចំនួន ២៥០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិសាត់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងភូមិសាស្ត្រនានានៅខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មាន បានបញ្ជាក់ឱ្យក្រុមការងារ msj tv ឱ្យដឹងនៅព្រលប់ថ្ងៃអង្គារ ទី១២ ខែមីនានេះថា «នៅព្រឹកថ្ងៃទី១៣ ស្អែកនេះ កម្លាំងចម្រុះនឹងត្រូវបែងចែកទៅតាមគោលដៅ ចំនួន១០ផ្សេងៗគ្ន ក្នុងឃុំទាំង៥ នៃស្រុកវាលវែង ដែលកំពុងរងការកាប់រុករាន កាប់គាស់ ឈូសឆាយ ដុតព្រៃ ដើម្បីទន្ទ្រានរំលោភយកធ្វើជាកម្មសិទ្ធយ៉ាងអនាធិបតេយ្យដែលបណ្តាលឱ្យព្រៃឈើក្នុងតំបន់ការពាររងគ្រោះមហន្តរាយស្ទើទាំងស្រុក ព្រោះតែអស់លោកថ្នាក់ដឹកនាំដឹកនាំឃុំ ស្រុង និងមន្ត្រីមួយចំនួនបានឃុបឃិតគ្នាជាប្រព័ន្ធជាមួយអ្នកមានលុយ និងអំណាចក្នុងរៀបចំធ្វើឯកសារ ដើម្បីទិញ-លក់ដីក្នុងតំបន់ការពារធនធានធម្មជាតិយកលុយចែកគ្នាដាក់ហោប៉ៅដោយមិនបានគិតដល់ប្រយោជន៍ និងប្រជាជនឡើយ»។
លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានឲ្យដឹងថា «ក្រៅពីកម្លាំងអាវុធហត្ថផ្ទៃប្រទេស ចំនួន ២៥០នាក់ គឺមានការចូលរួមពីកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ជាង ១០០នាក់ បន្ថែមទៀតផងដែរ ដែលចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដ៏ក្តៅគគុកនៅក្នុងភូមិស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ់ ហើយក៏នឹងមានការបញ្ជូនកម្លាំងរបស់អគ្គនគរបាលជាតិមកជាបន្តបន្ទាប់រួមទាំងការចូលរួមពីក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្ត មន្ត្រីជំនាញរួមនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រោមការគ្រប់គ្រងពីគណៈអភិបាលខេត្តផងដែរ»។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃជាប្រចាំដោយធ្វើការដកហូតដីព្រៃរបស់រដ្ឋមកវិញជាច្រើនពាន់ហិកតា និងបញ្ជូនសំណុំរឿង ចំនួន ៣៣៦ ករណី ទៅកាន់សាលាដំបូងខេត្ត ហើយជនប្រព្រឹត្តបទល្មើស ចំនួន ១២៣នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ តែដោយសារមានការលួចកាប់រុករាន ឈូសឆាយ កាប់គាស់ ទន្ទ្រានរំលោភយកដីព្រៃជាច្រើនទីតាំង ហើយខេត្តពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ និងបង្ក្រាប់ ទើបលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានស្នើរសុំការអន្តរាគមន៍ពីថ្នាក់ជាតិ ទាំងកម្លាំង សម្ភារៈ និងមធ្យោបាយផ្សេងៗក្នុងការបង្ក្រាប និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃក្នុងភូមិសា្តស្ត្រស្រុកវាលវែងដែលកំពុងមានសភាពធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននាពេលកន្លងមក។
ក្រោយពីមានការស្នើរសុំដូចនេះ កាលពីថ្ងៃទី១០ ខែមីនា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ការសម្រេចបញ្ជូនកម្លាំងអន្តរាគមន៍អាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៥០នាក់ និងកម្លាំងអគ្គនគរបាលជាតិ ២៥០នាក់ មកពីកាន់ខេត្តពោធិ៍សាត់ ដោយលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ជូនថវិកាតាមសំណូមពររបស់ អភិបាលខេត្ត ចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ និងនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជូនថវិកាចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ (សរុបថវិកាចំនួន ២០០លានរៀល និងប្រេងសាំង ២០,០០០លីត្រ) សម្រាប់កម្លាំងចុះប្រតិបត្តិការការពារការកាប់ទន្ទ្រានដីរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់ អាជ្ញាធរខេត្ត និងមន្ទីរបរិស្ថាន បានបញ្ជាក់ថា ក្នុងខេត្តពោធិ៍សាត់គ្រប់ដណ្តប់ដោយតំបន់ការពារធម្មជាតិ ចំនួន ៣គឺ៖ ឧទ្យានជាតិជួរភ្នំក្រវាញ, ដែនជម្រកសត្វព្រៃភ្នំសំកុស និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល ហើយមានគម្រោងរេដបូក ចំនួន ២ទៀត គឺ៖ គម្រោងរេដបូកសំកុស និងគ្រោងរេដបូកក្រវាញភាគកណ្តាល ក្នុងនោះ ស្រុកវាលវែង មានការកាប់រានព្រៃច្រើនជាងគេដែលបានក្លាយទៅជាមហនក្តរាយយ៉ាងរង្គាលក្នុងរយៈពេល ៥ឆ្នាំចុងក្រោយចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ក្នុងឃុំទាំង៥ ក្នុងស្រុកវាលវែង មានការកាប់រានដីព្រៃ សរុបចំនួន ១២ ៣៨៣ហិកតា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖ ១- ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ២- ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ។ ៣- បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង ៤- ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនគម្របព្រៃឈើ ឲ្យបាន៦០% នៅឆ្នាំ២០៥០៕ លាន គ្រន