2024-03-19 15:43
332

រាជធានីបាងកក៖    ជាមួយនឹងតម្រូវការប្រើប្រាស់ថាមពលអគ្គិសនី កើនឡើងខ្ពស់ នៅក្នុងរដូវក្ដៅនោះ ការផ្គត់ផ្គង់ហ្កាសនៅក្នុងស្រុក សម្រាប់ការផលិតអគ្គិសនី អាចនឹងប្រឈមមុខនឹងការខ្វះខាត នៅក្នុងប្រទេសថៃ។

សារព័ត៌មានរបស់ថៃ Bangkok Post  បានផ្សាយ ថា លោក វីរ៉ាផា កៃហ៊្វួងហ៊្វូ (Veerapat Kaifuengfoo) ប្រធានការិយាល័យផែនការ និង គោលនយោបាយថាមពលថៃ (Eppo) កាលពីថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ថា ការផលិតហ្កាសពីតំបន់ប្លុកហ្កាស Erawan (អេរ៉ាវ៉ាន់) ស្ថិតក្នុងតំបន់ឈូងសមុទ្រថៃ មានការថយចុះ ចាប់តាំងពីឆ្នាំ២០១៨រហូតមក។ បញ្ហានេះ នឹងបង្កើននូវការផលិតហ្កាសកើនឡើងទ្វេដង។ ប៉ុន្តែវាមិនអាចឆ្លើយតបគ្រប់គ្រាន់ ខណៈតម្រូវការប្រើអគ្គិសនីកើនឡើងខ្ពស់ នៅក្នុងរវដូវក្ដៅ នាឆ្នាំ២០២៤។

លោកប្រធាន បានបន្ដ ថា ការឡើងសីតុណ្ហភាព ដែលបង្កឡើង ដោយបាតុភូត El Nino អាចនឹងធ្វើឱ្យតំបន់ជាច្រើនរបស់ប្រទេសថៃ មានអាកាសធាតុក្ដៅហួតហែង។ ស្របគ្នានេះដែរ មន្រ្ដីជំនាញថៃ បានព្យាករ ថា ថៃនឹងមានអាកាសធាតុក្ដៅខ្លាំងបំបែកកំណត់ត្រាថ្មីមួយ និង មានភ្លៀងធ្លាក់តិច បើធៀបទៅនឹងឆ្នាំ២០២៣។ ករណីនេះ ធ្វើឲ្យប្រឈមមុខនឹងការខ្វះខាតហា្កសនាពេលខាងមុខ។ ប្រទេសថៃ អាចនឹងនាំចូលឧស្ម័ន LNG មកពីប្រទេសក្រៅ សម្រាប្រើប្រាស់ នៅក្នុងការផលិតថាមពលអគ្គិសនី បំពេញតាមតម្រូវការប្រើអគ្គិសនី ដែលកំពុងតែកើនឡើង។

ប្រទេសថៃ បានផលិតហ្កាសនៅក្នុងស្រុក ប្រហែល៥៧ភាគរយ ខណៈ៣១ភាគរយជាប្រភេទហ្កាសនាំចូល និង ១២ភាគរយជាហ្កាសនាំចូលមកពីប្រទេសមីយ៉ាន់ម៉ា៕