2024-03-23 17:20
419

ភ្នំពេញ៖ លោក ទូច សុខៈ (សុឃៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា៖ បន្ទាប់ពីមានការតែងលោកឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណនីហ្វេសប៊ុកផេកឈ្មោះ Om Sam An បានបង្ហោះព័ត៌មានមូលបង្កាច់ថា «លោក យ៉ាំ ស៊ីងម៉ៅ ជាអគ្គនាយកក្រុមហ៊ុន ប៊ី ភី អេ បូព៌ាអាស៊ា ឯ.ក ដែលនាំជនជាតិចិនមកកម្ពុជាដោយខុសច្បាប់ និងរកស៊ីឈើខុសច្បាប់ជាដើម ហើយមានហ្វេសប៊ុកមួយចំនួនទៀតបានយកព័ត៌មានទៅបង្ហោះបន្តជាអន្លើៗ»។ 
    អ្នកនាំពាក្យរងរូបនេះ បានថ្លែងទៀតថា «ការបង្ហោះសារបែបនេះ គឺជាការលាភពណ៌ ការទំលាក់កំបុស បំពុលមហាជនឱ្យមានការយល់ច្រឡំ យល់ខុសតាមខ្លួនក្នុងគោលបំណងទុចរិតប៉ះពាល់ ឬទំលាក់ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងដំណើរការប្រកបដោយភាពវិជ្ជមាន និងធ្វើឱ្យប៉ះពាល់ដល់អគ្គស្នងការនគរបាលជាតិ ដែលស្នើសុំមកក្រសួងមហាផ្ទៃ និងស្នើបន្តទៅកាន់សម្តេចធិបតីនាយករដ្ឋមន្ត្រីប្រមុខដឹកនាំកម្ពុជា ជាពិសេសការបង្ហោះសារបែបមូលបង្កាច់នេះ ធ្វើឱ្យប៉ះពាក់កិត្តិយលសេចក្តីថ្លៃថ្នូបុគ្គល ពោលគឺរំលោភលើសិទ្ធបុគ្គលដែលច្បាស់ការងារ»។
    លោក ទូច សុខៈ បានថ្លែងបញ្ជាក់ថា «ការតែងតាំងលោកឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ នៃអគ្គស្នងការនគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃនេះ ថ្នាក់នាំបានពិនិត្យលើប្រវត្តិរូប លក្ខណៈសម្បត្តិ ការស្របច្បាប់ផ្សេងៗ ពោលគឺស្របតាមច្បាប់ប្រកបដោយគុណនាធិបតេយ្យពេញលក្ខណៈបរិបូរ»។ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «នៅថ្ងៃទៅ២១ ខែមីនា ឆ្នាំ២០២៤ គណនីហ្វេសប៊ុកផេក Om Sam An បានលប់នូវខ្លឹមសារព័ត៌មានភ្ជាប់ដោយរូបភាពជុំវិញការតែងតាំងលោកឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ចេញវិញនេះបង្ហាញថាក្រុមប្រឆាំងក្រៅច្បាប់តែងតែចិញ្ជឹមចិត្តបង្កើតនូវព័ត៌មានមិនពិតផ្សេងៗគ្មានវិជ្ជាជីវៈ គ្មានសីលធម៌ គ្មានសីលធម៌ រំលោភលើសិទ្ធបុគ្គលច្បាប់ការងារដើម្បីសម្រេចនូគោលដៅនយោបាយរបស់ក្រុមខ្លួនទោះបីជាការប្រឌិតព័ត៌មាននោះ នាំឱ្យប៉ះពាល់ដល់បុគ្គល របស់ស្ថាប័នជាតិ ជាពិសេសប៉ះពាល់ដល់កម្ពុជាយ៉ាងណាក៏ដោយមិនខ្វល់ខ្វាយ»។
   លោក ទូច សុខៈ (សុឃៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលប់ចោលព័ត៌មាន ការមិនសរសេរព័ត៌មានត្រឹមត្រូវពិតប្រាកដបង្ហោះឡើងវិញ ការមិនសុំទោសជាសាធារណៈ គឺជាការមើលស្រាលលើមនសិការបស់មហាជនក្នុងនាមក្រសួងមហាផ្ទៃ មិនអាចទទួលយកបានទេចំពោះទង្វើគ្មានភាពជាមនុស្សរបស់បុគ្គលរូបនេះ (Om Sam An) និងថ្កោលទោសដាច់អហង្ការ និងសំណូមពរដល់បណ្តាអ្នកលេងបណ្តាញសង្គម ឬហ្វេសប៊ុកផ្សេងៗកុំយកគំរូតាមបុគ្គលនេះ សូមបងប្អូនប្រជាពលរដ្ឋ និងបណ្តាញសារព័ត៌មានកុំអាលជឿលើការបង្ហោះព័ត៌មានផ្សេងៗលើបណ្តាញសង្គម ជាពិសេសចេញពីប្រភពក្រុមប្រឆាំងដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ប៉ុន្តែជាក្រុមប្រឆាំងក្រៅច្បាប់មិនគិតពីផលប្រយោជន៍ជាតិ និងមិនគិតពីផលប៉ះពាល់ដល់ប្រជាជនរបស់ខ្លួន ហើយត្រូវផ្ទៀងផ្ទាត់ឱ្យជាក់លាក់សិនមុននឹងផ្សព្វផ្សាយបន្ត»។
   អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «លោកឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ដែលត្រូវតែងតាំងជាប្រធាននាយកដ្ឋានកណ្តាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនេះ លោកមិនមែនជាម្ចាស់ភាគហ៊ុន ឬជាអគ្គនាយកក្រុមហ៊ុន ប៊ី ភី អេ បូព៌ាអាស៊ា ឯ.ក ដូចការចោទប្រកាន់របស់ហ្វេសប៊ុកផេកឈ្មោះ Om Sam An នៅឡើយ ហើយក្រុមហ៊ុននេះជារបស់ជនជាតិម្នាក់ ដែលមកបង្កើតក្រុមហ៊ុន និងរកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា»៕