2024-03-24 19:04
265

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងឧស្សាហកម្ម បាននិងកំពុងតែរៀបចំនូវវិធានការ គោលនយោបាយមួយចំនួន ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម និង ជំរុញកែប្រែអាជីវកម្មមិនផ្លូវការ មកអាជីវកម្មផ្លូវការ ខណៈបច្ចុប្បនេះ អង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលមានជាង៧៧ម៉ឺនសហគ្រាស មានតែប្រមាណ២ភាគរយប៉ុណ្ណោះជាសហគ្រាសចុះបញ្ជីផ្លូវការ។
    លោកលើកឡើងបន្ថែមថា ប្រសិនការងារជំរុញក្រែប្រែអាជីវកម្មមិនផ្លូវការ មកអាជីវកម្មផ្លូវការទទួលបានជោគជ័យ នឹងជំរុញការរីកចម្រើនសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។
លោក ហែម វណ្ណឌី ថ្លែងដូចនេះ ធ្វើឡើងនៅសន្និសីទសារព័តមាននា ព្រឹកថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។
    លោកបានថ្លែងបន្តថា «ដូច្នេះរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ការចូលរួអភិវឌ្ឍនប្រែក្លាយសេដ្ឋកិច្ចពីក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ គឺជាអទិភាពធំ ហើយកន្លងមកយើងបានធ្វើច្រើន ទាំងការផ្តល់នូវការគាំពារសង្គម ការផ្តល់នូវរបបសន្តិសុខសង្គមដែលយើងហៅថាប.ស.ស ក៏បានរៀបចំច្រើន ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានពន្ធដារ ក៏លោកកំពុងរៀបចំនូវបទដ្ឋានបទបញ្ញត្តិពិសេស ដើម្បីឱ្យបងប្អូន អាចឈានចូលទៅក្នុងប្រព័ន្ធផ្លូវការនៅក្នុងកម្រិតមួយដែលថាអនុលោមភាព គឺមិនទាន់ពេញលេញដូចក្រុមហ៊ុនដែលគេចុះបញ្ជីផ្លូវការទេ ប៉ុន្តែមានបទបញ្ញត្តិមួយដែលអាចឱ្យបងប្អូន ប្រតិបត្តិការបានដោយស្របច្បាប់ មានការទទួលស្គាល់»។
   បើតាមលោករដ្ឋមន្រ្តី នៅក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង៧៧ម៉ឺន ក្នុងនោះមានSME ចុះបញ្ជីផ្លូវការប្រហែល២ភាគរយ និងក្រុមហ៊ុនធំៗប្រហែល០.២ភាគរយ ក្រៅពីនោះ ជាង៩៧ភាគរយ គឺជាប្រភេទ មីក្រូសហគ្រាស ហើយក្នុងចំណោមមីក្រូសហគ្រាស ភាគច្រើនគឺស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
    លោកបានពន្យល់ថា មានកត្តាច្រើន ដែលធ្វើឱ្យសហគ្រាសជាច្រើនមិនទាន់ចុះក្នុងប្រព័ន្ធ ដែលមានដូចជា កត្តាបទពិសោធ ទីផ្សារ សហគ្រិនភាព សមត្ថភាពនៅក្នុងការបំពេញអនុលោមភាព ហើយក៏ដូចជាកត្តាលក្ខខណ្ឌពន្ធដារមួយចំនួន និងការចាត់ចែងអាជីវកម្មរបស់ខ្លួនឯងក៏នៅមានកម្រិត។
    លោកបានគូសបញ្ជាក់ថា ទាំងអាណត្តិកន្លងមក ក៏ដូចជានៅក្នុងអាណត្តិនេះ គឺរដ្ឋាភិបាលចង់ពង្រឹង និងជួយដល់អាជីវកម្មតូចៗទាំងនោះឱ្យរីកចម្រើនលូត។
លោកគូសបញ្ជាក់ថា ការងារជំរុញកែប្រែអាជីវកម្មមិនផ្លូវការ មកអាជីវកម្មផ្លូវការ គឺមានសារៈសំខាន់ជាទីបំផុត ដើម្បីការទាក់ទាញវិនិយោគក្រៅប្រទេស (FDI) ដែលគេកំពុងតែសំលឹងមើលមកកម្ពុជា ដើម្បីរើទីតាំងវិនិយោគមកកម្ពុជា។
   លោកបន្ថែមថា «នៅពេលដែលគេមកវិនិយោគនៅកម្ពុជា គឺគេត្រូវការ SME យើងធ្វើការជាមួយគេ គេមិនអាចផលិតគ្រប់មុខបានទេ អ៊ីចឹងគេពឹងលើអ្នកក្នុងស្រុកយើងដើម្បីជួយ។ អ្នកក្នុងស្រុកយើងអាចធ្វើការជាមួយគេបាន លក់ដូរជូនគេបានផ្តល់សេវាជូនគេបាន ទាល់តែអ្នកស្រុកជាក្រុមហ៊ុនផ្លូវការ ជាអាជីវកម្មផ្លូវការមានទទួលស្គាល់»។
   លោកលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម ចូលរួមអនុវត្ត និងបំពេញនូវគោលការណ និងវិធានការរាជរដ្ឋាភិបាល ដែលនឹងរៀបចំដាក់ចេញ។ ហើយក្នុងក្របខណ្ឌប្រធានគណៈកម្មការសម្របសម្រួលការអភិវឌ្ឍនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រសួងឧស្សាហកម្មនឹងចាប់ផ្តើមជំរុញយុទ្ធនាការផ្សព្វផ្សាយបន្ថែមជូនដល់ម្ចាស់អាជីវកម្ម ឱ្យបានជ្រាប និងយល់ដឹងបន្ថែម៕