2024-04-01 15:10
285

រដ្ឋធានីប៉េកាំង៖ រហូតមកដល់ពេលនេះ ប្រទេសចិន កំពុងតែរត់ប្រណាំងលើគ្រប់វិស័យ ដើម្បីប្រជែងជាមួយនឹងបណ្ដាបស្ចិមលោក ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច យោធា និង បច្ចេកវិទ្យា ដើម្បីដណ្ដើមយកនូវឧត្ដមភាព នៅលើពិភពលោក ថ្វីបើបច្ចុប្បន្ន ក្រុមហ៊ុនផលិតយន្ដហោះកូម៉ាក់(COMAC) របស់ប្រទេសមហាយក្សអាស៊ីមួយនេះ នៅតែមិនទាន់ អាចធ្វើឲ្យរញ្ជួយដល់ក្រុមហ៊ុនផលិតយន្ដហោះរបស់លោកខាងលិចល្បីៗ  ដូចជា ក្រុមហ៊ុន Airbus និង Boeing យ៉ាងណាក្ដី ប៉ុន្ដែក្រុមហ៊ុនមួយនេះ អាចនឹងធ្វើឲ្យប្រែប្រួល ដល់ទីផ្សារលក់យន្ដហោះ  នាពេលអនាគត។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ថា ភ្ញៀវពាណិជ្ជកម្មជាជាច្រើន បានរង់ចាំមើល នៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅខ្លាំង ដើម្បីទស្សនាអំពីការបង្ហាញយន្ដហោះ នៅលើអាកាស នាថ្ងៃដំបូង នៃខួបទី២ សម្រាប់ការដាក់តំាំងបង្ហាញយន្ដហោះ នៅក្នុងកម្មវិធី Singapore Airshow នៅសិង្ហបុរី កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ រីឯធុរជនជាច្រើន បានមកមើលយន្ដហោះ C919 ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនសាជីវកម្មពាណិជ្ជកម្ម គ្រប់គ្រងដោយរដ្ឋចិន (ហៅកាត់ COMAC) ក៏បានបង្ហាញខ្លួន ជាលក្ខណៈអន្ដរជាតិលើកដំបូង ចាប់តាំងពីការហក់ចូលទៅក្នុងវិស័យអាកាសចរណ៍ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ រហូតមក។

បញ្ហាជាការកត់សម្គាល់ដំបូង សម្រាប់យន្ដហោះរបស់ចិន C919 អាចហោះហើរ នៅក្នុងកម្ពស់១០០០ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ និង មានទំនុកចិត្តផងដែរ។ រីឯការបង្ហាញនេះ មិនមែនត្រឹមតែផ្នែកម៉ាស៊ីនប៉ុណ្ណោះនោះទេ ប៉ុន្ដែវាបានផ្ដោតទៅយន្ដហោះទាំងមូល។

បើទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មពាណិជ្ជកម្ម គ្រប់គ្រងដោយរដ្ឋចិន COMAC នឹងមិនអាចធ្វើឲ្យរង្គោះរង្គើដល់ក្រុមហ៊ុនផលិតយន្ដហោះល្បីៗរបស់លោកខាងលិច  ដូចជា ក្រុមហ៊ុន Airbus របស់អឺរ៉ុប និង ក្រុមហ៊ុនរបស់អាមេរិក Boeing នោះឡើយ។ ប៉ុន្ដែក្រុមហ៊ុន COMAC អាចនឹងធ្វើឲ្យរញ្ជួយដល់ទីផ្សារផលិតយន្ដហោះ នាពេលអនាគត។

យន្ដហោះ COMAC C919 ត្រូវបានគេចាតទុក ជាយន្ដហោះពាណិជ្ជកម្មដំបូងបង្អស់ ត្រូវបានបង្កើតឡើង ដោយប្រទេសចិន។ ក្រុមហ៊ុន COMAC ត្រូវបានបង្កើតឡើង ដើម្បីសម្រេចបានតាមមហិច្ឆតារបស់ប្រទេសចិន នៅក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី ផលិតយន្តហោះផ្ទាល់ខ្លួន និង កាត់បន្ថយនូវការពឹងផ្អែកទាំងស្រុង លើយន្ដហោះរបស់លោកខាងលិច។

ថ្វីបើយន្ដហោះ C919 ត្រូវបានរចនា និង អភិវឌ្ឍ នៅក្នុងប្រទេសចិន ក៏ពិតមែន ប៉ុន្ដែជាងពាក់កណ្ដាល នៃសមាសធាតុផ្សំ ឬ គ្រឿងបង្គំទាំងអស់ ត្រូវបាននាំចូល មកពីលោកខាងលិច ហើយភាគច្រើនបំផុត បាននាំចូលមកពីអឺរ៉ុប និង អាមេរិកខាងជើង។ រីឯម៉ាស៊ីនរបស់យន្ដហោះ C919  ត្រូវបានផលិត ដោយក្រុមហ៊ុន CFM អន្ដរជាតិ (FM International) ដែលជាការផលិតរួមគ្នារបស់សហរដ្ឋអាមេរិក និង បារាំង។ ចំណែកម៉ូដែលម៉ាស៊ីនដំបូងបង្អស់ ត្រូវបានប្រើប្រាស់ នៅក្នុងក្រុមហ៊ុនជាគូប្រជែងរបស់យន្ដហោះ C919 រួមមាន យន្ដហោះរបស់អឺរ៉ុប Airbus A320neo និង យន្ដហោះរបស់អាមេរិក  Boeing 737។

លោក ស៊ូគ័រ យូសូហ្វ (Shukor Yosof) អ្នកវិភាគរបស់ក្រុមហ៊ុន Endau Analytic បានអះអាង ថា យន្ដហោះ COMAC C919 ត្រូវបានដាក់លក់ នៅការតាំងបង្ហាញ នៅក្នុងប្រទេសសិង្ហបុរី ហើយនឹងបន្ដបង្ហាញនូវការលក់ នៅតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្ដែយន្ដហោះ C919 នៅតែប្រឈមមុខនឹងការលំបាកបំផុត សម្រាប់ការប្រជែងទីផ្សារ នៅក្រៅប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Airbus និង Boeing ៕