2024-04-01 16:18
303

រដ្ឋធានីមូស្គូ៖ ទីក្រុងអាឌីវកា មានទំហំ២៩គីឡូម៉ែត្រការ៉េ និង មានប្រជាជនរស់នៅប្រហែល ជាង៤២ ០០០នាក់ នៅមុនពេលសង្គ្រាម បានផ្ទុះឡើង ប៉ុន្ដែឥឡូវ មានសេចក្ដីរាយការណ៍មក ថា មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានចំណាយជីវិតទាហានរុស្ស៊ី រហូតដល់ជាង៤ម៉ឺននាក់ និង រថចម្បាំង រាប់រយគ្រឿង នៅក្នុងការដណ្ដើមគ្រប់គ្រងទីក្រុងដ៏តូចមួយនេះ ស្ថិតក្នុងតំបន់ដូណែតស៍ (Donetsk) នាភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលក្រុងមូស្គូ បានចំណាយពេលជាច្រើនខែ នៅក្នុងការប្រយុទ្ធដណ្ដើមកាន់កាប់ទីក្រុងអាវឌីវកា (Avdiivka) ដែលជាបន្ទាយដ៏រឹងមាំមួយរបស់កងទ័ពការពារទឹកដីអ៊ុយក្រែន។ ប៉ុន្ដែអ្វីដែលធ្វើឲ្យបណ្ដាលប្រទេសលោកខាងលិច មានការភ្ញាក់ផ្អើលនោះ ត្រង់មានសេចក្ដីរាយការណ៍ អំពីការបាត់បង់អាយុជីវិតទាហានរុស្ស៊ី រាប់ម៉ឺននាក់ និង រថក្រោះរាប់រយគ្រឿង នៅក្នុងការដណ្ដើមកាន់កាប់ទីក្រុងដ៏តូចមួយនេះ។

លោក ស៊ើហ្គេ សយហ្គូ (Sergei Shoigu) រដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី អាចនឹងប្រាប់ដល់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អំពីការកាន់កាប់ទាំងស្រុង ទៅលើទីក្រុងអាវឌីវការ កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ នេះជាការទទួលជោគជ័យ ជាមួយនឹងការបាត់បង់ទាហានដ៏តិចតួច។ ប៉ុន្ដែសារព័ត៌មាន Business Insider បានរាយការណ៍ អំពីការខាតបង់ដ៏ច្រើនបំផុត នៅក្នុងដណ្ដើមកាន់កាប់ទីក្រុងដ៏តូចមួយនេះ។

បើតាមព្រឹត្ដិបត្រស៊ើបអង្កេតរបស់បណ្ដាញផ្សព្វផ្សាយ បានឲ្យដឹង ថា បើតាម ភស្ដុតាង នៅលើឯកសារ បានបង្ហាញ ថា ការវាយដណ្ដើមកាន់កាប់ទីក្រុងអាវឌីវកា បានធ្វើឲ្យវិមានក្រឹមឡាំង ខាតបង់អាយុជីវិតទាហានរុស្ស៊ី រាប់ម៉ឺននាក់ និង រថចម្បាំង រាប់រយគ្រឿង។

សារព័ត៌មាន Business Insider  បាន បញ្ជាក់ ថា ការធ្វើឲ្យក្រុងមូស្គូ ខាតបង់ទាហាន និង គ្រឿងសឹកចម្បាំងយ៉ាងច្រើនបែបនេះ អាចមកពីកត្តាចំនួន២ រួមមាន៖ មេបញ្ជាការទាហានរុស្ស៊ី មានសមត្ថភាពនៅកម្រិតទាប នៅក្នុងការប្រយុទ្ធដណ្ដើមទីក្រុងអាវឌីវកា និង ប្រសិទ្ធភាព នៃបច្ចេកវិទ្យាដ៏ទំនើបរបស់អ៊ុយក្រែន ត្រូវបានដាក់ពង្រាយរួចជាស្រេច។

លោក ឌីមីត្រូ លីខូវីវ (Dmytro Lykhoviy) អ្នកនាំពាក្យ ក្រុមយុទ្ធសាស្រ្ដប្រតិបត្ដិការកងទ័ពអ៊ុយក្រែន បានវាយតម្លៃ ថា រដ្ឋាភិបាលក្រុងមូស្គូ បានខាតបង់ទាហាន ចំនួន៤៧ ០០០នាក់ ដោយរាប់បញ្ចូលទាំងទាហាន ១៧ ០០០ផ្សេងទៀត បានស្លាប់ នៅក្នុងសកម្មភាពប្រយុទ្ធដណ្ដើមកាន់កាប់ទីក្រុងអាវឌីវកានេះ។

ការវាយតម្លៃរបស់អ៊ុយក្រែន ចំពោះការខាតបង់របស់ ក្រុងមូស្គូ  មានភាពស៊ីសង្វាក់គ្នាជាមួយនឹងលោក អេនឌ្រី មើស ម៉ូរ៉ូហ្សូវ (Andrei “Murz” Morozov) អ្នកសរសេរប្លុក ដែលគាំទ្ររុស្ស៊ី និង ជាទាហានមួយរូប បានរាយការណ៍ ថា ទាហានរុស្ស៊ី ចំនួន ១៦ 000នាក់ បានបាត់ខ្លួន កាលពីប៉ុន្មានថ្ងៃមុន ខណៈគាត់បានរកឃើញអ្នកស្លាប់ ដោយខ្លួនគាត់ផ្ទាល់។

ស្របគ្នានេះដែរ សារព័ត៌មាន Busines Insider បានព្យាយាមប្រៀបធៀប អំពីការបាត់បង់ទាហានរបស់ក្រុងមូស្គូ នៅទីក្រុងអាវឌីវកា ទៅនឹងសម័យសហភាពសូវៀត ដែលមិនទាន់ដួលរំលំ ធ្លាប់ធ្វើសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ចន្លោះពីឆ្នាំ១៩៧៩-១៩៨៩ ដោយបានបាត់បង់ទាហានត្រឹមតែ ២៥ ០០០នាក់ប៉ុណ្ណោះ ខណៈបច្ចុប្បន្ន រុស្ស៊ី បានវាយប្រយុទ្ធ ដើម្បីដណ្ដើមកាន់កាប់ទីក្រុងដ៏តូចមួយ បែរជាចំណាយទាហាន រហូតដល់ ជាង៤ម៉ឺនាក់។ បើតាមតួលេខនេះ គឺរុស្ស៊ី បានចំណាយអាយុជីវិតទាហានរបស់ខ្លួន អស់លើសពីសូវៀត បានធ្វើសង្គ្រាម រយៈពេល១០ឆ្នាំ នៅអាហ្វហ្កានីស្ថាន ដែលមានផ្ទៃដី រហូតដល់ ៦៥២ ៨៦៧គីឡូម៉ែត្រការ៉េ៕